2025-11-05 17:25
6

មណ្ឌលគិរី៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីបង្ហាញម្ហូបជនជាតិដើមភាគតិច ដោយមានគោលបំណងលើកស្ទួយវប្បធម៌ប្រពៃណី និងសក្តានុពលទេសចរណ៍ក្នុងតំបន់ភាគឦសាន នៃប្រទេសកម្ពុជា។ កម្មវិធីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈ និងភ្ញៀវទេសចរជាតិយ៉ាងខ្លាំង។

កម្មវិធីបានបង្ហាញនូវម្ហូបប្រពៃណីដូចជា “សម្លព្រូងបំពង់ឫស្សី” និងម្ហូបបែបជនជាតិដើមផ្សេងៗ ដែលតែងតែប្រើគ្រឿងផ្សំធម្មជាតិ និងបច្ចេកទេសចម្អិនបែបបុរាណ។ អ្នកចូលរួមអាចសាកល្បងភ្លក់រសជាតិដើម និងស្វែងយល់អំពីរបៀបចម្អិនម្ហូបក្នុងសហគមន៍ជនជាតិដើម ផងដែរ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃអង្គារ៍-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែវិច្ឋិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រដ្ឋបាលខេត្តបានអំពាវនាវឱ្យបងប្អូនជនជាតិខ្មែរ និងភ្ញៀវទេសចរចូលរួមទស្សនាកម្មវិធីនេះ ដើម្បីស្វែងយល់ពីរសជាតិដើម និងគុណតម្លៃវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើម នៅខេត្តមណ្ឌលគិរី។ នាពេលរាត្រីមានការបង្ហោះគោម បណ្ដែតប្រទីបតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបាញ់កាំជ្រួច ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ផងដែរ៕