2025-11-05 10:09
9

កំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឆ្មក់ចុះបង្ក្រាប់ទីតាំងលួចលាក់បើកល្បែងស៊ីសងដោយខុសច្បាប់មានលក្ខណៈជា “កាស៊ីណូ” មួយកន្លែងក្នុងក្រុងច្បារមន ឃាត់ខ្លួនអ្នកញៀនល្បែង ប្រុស-ស្រី ចំនួន ២២ នាក់ ក្នុងនោះមានជនជាតិចិន ០៧ នាក់ ដកហូតសម្ភារៈ និងវត្ថុតាងមួយចំនួន រួចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មាន នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសង ចំនួន ២២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធី។

ប្រភពបន្តទៀតថា ដោយអនុវត្តតាមគោលនបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់  ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៣០នាទី នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់-ស្រាល បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងលួចលាក់លេងដោយខុសច្បាប់  នៅផ្លូវជាតិលេខ៤ ភូមិសំបួរ  សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនអ្នកលេងចំនួន ២២ នាក់ (ស្រី ១២នាក់) ជនជាតិចិន ០៧ នាក់ (ស្រី ០១នាក់)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងសរុប:តុសំរាប់លេងបៀ ចំនួន ៣, កៅអី ២០,  កាក់ដូរលុយ ២៣០កាក់,  ទូរសព្ទដៃ ២០ គ្រឿង, បៀ ២ កេស ស្មើនឹង ៣៣៦ហ៊ូ, រថថយន្ត ០១ គ្រឿង, ម៉ូតូ ០៤ គ្រឿង និងសំភារ: និងលុយមួយចំនួនទៀត ។ 

នគរបាលបានបញ្ជាក់ថា ក្រៅពីនេះវត្ថុតាងបំរើសេវា លេងល្បែងស៊ុសងមួយចំនួនទៀត ត្រូវបានការអនុញ្ញាតពីព្រះរាជអាជ្ញា ឲរក្សាទុក និងធ្វើកំណត់ហេតុបិទទីតាំងជាបណ្តោះអាសន្ន។  
បច្ចុប្បន្នមនុស្សទាំង២២នាក់ ដែលពាក់ព័ន្ធនឹងករណីបើក និងលេងល្បែងស៊ីសង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ អនុវត្តតាមនីតិវិធីច្បាប់៕