2025-11-05 15:17
18

សៀមរាប៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ 

ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។

យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។

លោក ឃី សុខ ដែលមកទស្សនាតំបន់អង្គរម្នាក់ទៀត ក៏មានអារម្មណ៍រំភើបនៅពេលឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ មកលេងអង្គរនៅថ្ងៃ ឈប់សម្រាករយៈពេល៣ថ្ងៃនេះដែរ។ ដោយសារតែរយៈនៃថ្ងៃបុណ្យប្រពៃជាតិ នេះមានមនុស្សជាច្រើន បើកបរយានយន្តគ្រប់ប្រភេទ ចូលទៅទស្សនាតំបន់អង្គរ គឺ លោក ឃី សុខ ក៏សូមឱ្យអ្នកដែលមកទស្សនាអង្គរទាំងអស់ ត្រូវចេះយោគយល់ និងអធ្យាស្រ័យដល់គ្នា ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ឬដើរប្រជ្រៀតគ្នានៅតាមចំណុចឬទីតាំងណាដែលមានមនុស្សកកកុញខ្លាំង។

ចំណែកលោកយាយ ផុន រ៉េត អាយុ ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្តាល ប្រសាសន៍ថា “គាត់ធ្លាប់បានមកទស្សនាអង្គរចំនួនបួនលើកមកហើយ”។ លោកយាយបន្ថែមថា “ពេលមកទស្សនាអង្គរលើកនេះ ឃើញថាទេសភាពវាលស្មៅ ព្រៃឈើ ព្រមទាំងផ្លូវដើរថ្មើជើងកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ ស្រួលធ្វើដំណើរទស្សនាជាងមុន ដោយអាជ្ញាធរជាតិអប្សរាមានការរៀបចំកែលំអបានយ៉ាងល្អ”។ 
លោកយាយ បញ្ជាក់ទៀតថា “នេះជាលើកទី១ ការដែលមកទស្សនាអង្គរចំពេលថ្ងៃបុណ្យមានមនុស្សច្រើនកុះករ ធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយប្លែកខុសពីពេលមុនៗ។ លោកយាយ ក៏បានស្នើសុំឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមកទស្សនាអង្គរក្នុងពិធីបុណ្យឆ្នាំនេះ ជួយថែរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការៈ”។

គ្រូបង្រៀនម្នាក់ទៀត ដែលមកពីសាលាប៊ែលធី នៃរាជធានីភ្នំពេញ បានប្រាប់ថា “គាត់ទើបតែបានមកឃើញអង្គរវត្តជាលើកដំបូងនៃជីវិត”។ លោកបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរព្រមទាំងស្ញប់ស្ញែងជាងខ្លាំង នៅពេលឃើញប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ព្រមទាំងនៅតំបន់អង្គរមានបរិស្ថានស្រស់ស្អាត ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ 

អ្នកទេសចររូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្តាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរនៃយើង៕