2025-10-30 13:35
15

បន្ទាយមានជ័យ៖ ករណី រថយន្តបំពាក់ស៊ីរ៉ែន និងស្លាកឡីហ្គោ របស់ “នគរបាលជាតិ” បានបុករះបណ្តាលឱ្យមានមនុស្សប្រុស-ស្រីជាច្រើននាក់ រងរបួសធ្ងន់ និងស្រាល នៅក្រុងប៉ោយបែត សង្ស័យអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ។

ហេតុការណ៍រថយន្តស៊ីរ៉ែនគរបាលបុករះនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ម៉ាក Ford Ranger XLT ពាក់ស្លាកលេខ នគរបាល 2-3824 បើកបរដោយមន្ត្រីប៉ូលិសម្នាក់ សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំបានបុករះបណ្តាលឲ្យមានមនុស្សរងរបួសជាច្រើននាក់។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយមិនទទួលខុសត្រូវលើករណីនេះឡើយ។

មហាជនលើកឡើងថា រថយន្តស៊ីរ៉ែន និងមានឡីហ្គោ “នគរបាលជាតិ” គេមិនទាន់ដឹងច្បាស់ជាកម្មសិទ្ធិរបស់អង្គភាពណាមួយពិតប្រាកដនោះទេ ប៉ុន្តែ ថ្នាក់លើជាពិសេសអគ្គស្នងការនគរបាលជាតិ ដែលផ្តល់រថយន្តរដ្ឋឱ្យតាមអង្គភាពនីមួយៗពិតជាបានដឹងច្បាស់ថា រថយន្តនេះ ស្ថិតក្រោមការគ្រប់គ្រងអង្គភាពមួយណាហើយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ ព្រមទាំងឱ្យចូលខ្លួនដោះស្រាយតាមនីតិវិធី ជូនជនរងគ្រោះ មិនត្រូវគេចវេសពីការទទួលខុសត្រូវឡើយ។

សូមជម្រាបថា ថ្លែងក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាឱ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ទៅលើការប្រើប្រាស់រថយន្តពាក់ស្លាកលេខ «នគរបាល» ឱ្យបានត្រឹមត្រូវ និងចាត់វិធានការចំពោះការប្រើប្រាស់ស្លាកលេខនគរបាល យកទៅធ្វើការនៅកាស៊ីណូ ជិះទៅឈប់នៅមុខទីតាំងខារ៉ាអូខេ (KTV) និងហាងផឹកស៊ីជាដើម។ ប៉ុន្តែករណីបែបនេះ នៅតែបន្តកើតមានជាដដែល ត្រូវបានមហាជនប្រទះចតតាមហាងផឹកស៊ីជាញឹកញាប់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «ក្នុងករណីប្រព្រឹត្តខុសច្បាប់ អាជ្ញាធរត្រូវដកស្លាកលេខ ហើយឱ្យម្ចាស់ឡាន ឬម៉ូតូទៅបង់ពន្ធតាមច្បាប់ ហើយស្លាកលេខ “នគរបាល” នេះ គឺប្រើប្រាស់បម្រើឱ្យសមត្ថកិច្ច និងអង្គភាពតែប៉ុណ្ណោះ ហើយមន្ត្រីនគរបាលដែលប្រើប្រាស់យានយន្តពាក់ស្លាកលេខនគរបាល ស្របតាមគោលការណ៍ច្បាប់ ក៏មិនត្រូវឱ្យគេខ្ចីជិះយកទៅប្រើប្រាស់ផ្ដេសផ្ដាសដែរ»។

ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះ គឺបន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីករណីប្រើប្រាស់រថយន្តស្លាកលេខនគរបាលរបស់អង្គភាពមួយចំនួនខុសគោលដៅ ក្នុងនោះមានករណី ប្រើប្រាស់យានយន្តពាក់ស្លាកលេខ “នគរបាល” ជិះទៅធ្វើការនៅកាស៊ីណូ ហើយអ្នកខ្លះជិះទៅឈប់នៅមុខ KTV ហាងផឹកស៊ី ដែលមិនមែនជាប្រតិបត្តិការរបស់សមត្ថកិច្ចឡើយ៕