2025-10-30 14:30
23

កំពង់ស្ពឺ៖ ទឹកបានហូរច្រោះបាក់ដីគល់ស្ពានថ្មថ្មីមួយកន្លែង ឆ្លងស្ទឹងតូច អតីតស្ពានបារាំងចាស់ ស្ថិតតាមបណ្តោលផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ៦-៧ ស្ថិតក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលនេះ ត្រូវបានក្រុមការងារចាប់ផ្តើមជួយជុលឡើងវិញ ប៉ុន្តែមិនបានប៉ះពាល់ដល់ការធ្វើចរាចរដឹកទំនិញឆ្លងកាត់ឡើយ។

តាមប្រភព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែតុលានេះ ក្រុមការងារដែលទទួលខុសត្រូវផ្លូវជាតិលេខ៤១ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ កំពុងបន្តការងារជួសជុលចំណុចដែលរងការបាក់ដីក្បាលស្ពាននេះឡើងវិញ។ 

សូមជម្រាបថា ត្រង់ចំណុចដែលការបាក់ដីគល់ស្ពានថ្មនេះ គឺផ្នែកខាងលើនៃស្ពានក្រុមការងាររបស់ក្រសួងធនធានទឹក បានទប់ទំនប់ ដើម្បីស្ថាបនា និងស្តារដងស្ទឹងតូច ដែលតភ្ជាប់ពីផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោត ប៉ុន្តែសាកទឹកធ្លាក់ពីខាងលើខ្លាំង បណ្តាលឱ្យបាក់ទំនប់បណ្តោះអាសន្នកម្លាំងទឹកខ្លាំងហូរច្រោះបាក់ដីគល់ស្ពានតែម្តង។ ប៉ុន្តែ ករណីនេះ មិនបណ្តាលឱ្យរងប៉ះពាល់ដល់តួរផ្លូវជាតិនោះទេ ការធ្វើចរាចរដឹកទំនិញទៅមកដំណើរការជាធម្មតា។

សូមជម្រាបថា ផ្លូវជាតិលេខ ៤១ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នានឹងផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។ ផ្លូវជាតិលេខ ៤១ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែន កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៤១ មានប្រវែងសរុបចំនួន ៩៥,២៦៩ គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹងចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល និងកំពង់ស្ពឺ ទៅដល់ស្រុកជុំគិរី ចំណុច ប្រសព្វផ្លូវជាតិលេខ ៣ ខេត្តកំពត ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ក្រោយហិរញ្ញប្បទានរបស់ប្រទេសចិន៕