2025-10-30 15:16
23

ស្វាយរៀង៖ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម ចំនួន ៣០ នាក់ ចេញពីកម្ពុជា ឱ្យវិលត្រឡប់ទៅទេសកំណើតរបស់ពួកគេវិញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ «Online Scams» និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានអនុវត្តទោសចប់នៅកម្ពុជា។ 

នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣០ នាក់ ក្នុងនោះមានស្រី ០៦នាក់ ចេញកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ «Online Scams»  ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តទោសចប់។

ការបណ្តេញចេញជនបរទេសនេះ គឺជាការអនុវត្តន៍តាមវិធានការផ្លូវការរបស់កម្ពុជា ដើម្បីរក្សាសន្តិសុខព្រំដែន និងបង្ការហានិភ័យសង្គម។ តំបន់នេះ គឺជាច្រកសំខាន់សម្រាប់ចលនាប្រជាជន និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ផងដែរ។ នេះក៏ជាករណីមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងចំណុចព្រំដែន ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕