2025-10-30 14:44
23

ពោធិ៍សាត៖ កងកម្លាំងថ្មើជើងប្រដាប់ដោយអាវុធគ្រប់ដៃអមដោយរថពាសដែក ចំនួន ០២ គ្រឿង និងគ្រឿងចក្រ ០៥ គ្រឿង បានចល័តមកកាន់តំបន់ព្រំដែនទល់មុខនឹងប៉ុស្តិ៍អូរភ្លក់ដំរី ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើសកម្មភាពត្រាស់សេផ្លូវ ដែលភាគីថៃ បានឈូសឆាយ និងព័ន្ធបន្លាលួសនាពេលកន្លងមក ស្ថិតក្រោមការឃ្លាំមើល និងតាមដានស្ថានភាពរបស់កងកម្លាំងកម្ពុជា។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី៣០ ខែតុលា ម្សិលមិញនេះ សភាពការណ៍តំបន់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង កងទ័ពថៃ នៅតែរក្សាកម្លាំង និងអាវុធធន់ធ្ងន់ នៅតាមព្រំដែនទល់មុខភូមិសាស្រ្តខេត្តពោធិ៍សាត់នៅឡើយ។ វេលាម៉ោង ១០និង០០នាទី កងទ័ពថៃ បានចល័តរថពាសដែក ចំនួន ០២ គ្រឿង អមដោយកម្លាំងថ្មើរជើង ចំនួន ១៦ នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ចូលមកទីតាំងដែលពួវាឈូសឆាយចាស់ និងរាយបន្លាលួសទល់មុខប៉ុស្តិ៍អូរភ្លុកដំរីរបស់កម្ពុជា។ 

នៅវេលាម៉ោង ១០និង២៨នាទី ថៃបានចល័តគ្រឿងចក្រ ចំនួន ០៥ គ្រឿង (អេស្កាវ៉ាទ័រ) ធ្វើសកម្មភាពត្រាស់សេផ្លូវខាងក្រោយរថពាសដែករបស់វា រហូតដល់វេលាម៉ោង ១១និង៤០នាទី មានប្រជាជនថៃ ជាង ៤០ នាក់ ចូលមកមើលសកម្មភាពគ្រឿងចក្រធ្វើផ្លូវ។ កងកម្លាំងជួរមុខរបស់កម្ពុជាឈរជើងយ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងបន្តឃ្លាំមើលជាប់ជាប្រចាំរាលសកម្មភាពរបស់ភាគីថៃ។

ពាក់ព័ន្ធសកម្មភាពរបស់កងទ័ពថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ និងរថពាសដែកចល័តមកព្រំដែននៅតំបន់អូរភ្លក់ដំរីទល់មុខប៉ុស្តិ៍ការពារព្រំដែនកម្ពុជា មិនទាន់មានប្រតិកម្មឆ្លើយតបពីភាគីកម្ពុជាឡើយ។ 

សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជា-ថៃ បានចុះហត្ថលេខាលើឯកសាររួម ដែលត្រូវបានគេហៅថា “កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គូឡាឡាំពួរ” រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយលរដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន ជាសាក្សី៕