ភ្នំពេញ៖ ករណីអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមទាំងអាជ្ញាធរ ចុះអនុវត្តដោយបង្ខំរឹបអូសអចលនវត្ថុពីស្ត្រីម្នាក់ នៅខណ្ឌជ្រោយចង្វារ កំពុងផ្ទុះការរិះគន់ពេញបណ្តាញសង្គមនោះ ពេលនេះប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់។
សេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ករណី ការផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ «ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ» បណ្តាផេក និងបណ្តាញសង្គមនានា ទាក់ទងនឹងការចុះអនុវត្តប្រគល់អចលវត្ថុ នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលបានផ្សព្វផ្សាយ និងឡាយផ្ទាល់ពាក់ព័ន្ធនឹងការចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ របស់សាលាដំបូងរាជធានីភ្នំពេញ លេខ១០៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងអនុវត្តលេខ២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសម្រេច “បង្គាប់ឱ្យឈ្មោះ កៅ ចាន់ធី, ផូរ វីន និង កៅ សុគង់” អាសយដ្ឋាននៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាកូនបំណុលនៃការអនុវត្តប្រគល់អចលនវត្ថុដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ហ៊ី សៀងលី ជាភាគីអ្នកដេញថ្លៃបានតាមផ្លូវតុលាការ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេច “បង្គាប់ឱ្យប្រគល់អចលនវត្ថុ” ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ដោយយោងតាមសាលក្រមស្ថាពរលេខ ៥៨៣ «រ» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ជួរ រីន (កូនប្រសារ) សងប្រាក់ដើមចំនួន ៩៥.២៩៨,៩៤ (ប្រាំបួនម៉ឺនប្រាំពាន់ ពីររយកៅសិបប្រាំបី ក្បៀសកៅសិបបួន) ដុល្លារអាម៉េរិក រួមទាំងការប្រាក់ចំនួន១១% និងប្រាក់ពិន័យ២៤% ឱ្យទៅម្ចាស់ បំណុលជាធនាគារ។
ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ វីន (កូនប្រសារ) បានខ្ចីប្រាក់ពីធនាគារ ដោយយកបណ្ណដីដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះ អ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តី-ប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុលជាមួយធនាគារ។
នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ ក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលាបានចុះអនុវត្តនោះ ក៏មានឈ្មោះ កៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា «គាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះ អ៊ុំ សុវណ្ណ ជាមួយម្តាយឈ្មោះ កៅ សុគង់ ហើយបាននិងកំពុងកាន់កាប់ ដោយបានសង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិមត៌កលើដីបន្តពីខ្មោចឪពុក ដែលដីនេះ ត្រូវបានម្តាយ និងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង»។
ចំពោះការអះអាងជាមត៌ក, កន្លងមកសាលាដំបូងរាជធានីភ្នំពេញ មិនដែលបានទទួលបណ្តឹងដោះស្រាយពីការទាមទារបែងចែកមត៌កពីភាគីអ្នកតវ៉ានោះទេ។
បន្ទាប់ពីបានដឹងពីចំណាត់ការអនុវត្តសំណុំរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់៕





