2025-10-30 11:14
11

ក្រចេះ៖ ស្ពានបេឡេត៍ «អូរឆ្លង» ប្រវែងជិត ៤០ ម៉េត្រ បានរងការបាក់ទាំងស្រុង ការធ្វើចរាចរណ៍ឆ្លងកាត់ផ្លុវខេត្តលេខ 3KRT24  ត្រូវបានកាត់ផ្តេច និងផ្អាកជាបណ្តោះអាសន្ន ដោយរថយន្តខ្នាតយក្ស ០១ គ្រឿង មានផ្ទុកលើសចំណុះកំណត់ដោយច្បាប់បើកបរឆ្លងកាត់ទើបបណ្តាលឱ្យបាក់ស្រុតទាំងស្រុងតែម្តង។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ករណី រថយន្តដឹកលើសទម្ងន់បង្កឱ្យបាក់ស្ពានបេឡេត៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុច “ស្ពានឆ្លូង” ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ចំពោះការបាក់ស្ពាននេះ ដោយសាររថយន្តខ្នាតយក្ស ប្រភេទ (V1) ០១ គ្រឿង ដឹកកសិផលដំបូងមីលើសចំណុះបើកបរឆ្លងកាត់ ទើបបណ្តាលឱ្យស្ពានទ្រទម្ងន់មិនបាន ទើបបណ្តាលឱ្យបាក់ទាំងស្រុងបែបនេះ។

ភ្លាមៗក្រោយមានករណីបាក់ស្ពានអូរឆ្លង មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានប្រកាសពីកាបិទចរាចរយានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយបញ្ចៀសការធ្វើដំណើរតាមផ្លូវលេខ ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ការជួសជុលស្ពានបានរួចរាល់ឡើងវិញ។

សូមជម្រាបថា “ស្ពានអូរឆ្លង” ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ មានប្រវែង ៣៩ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ ស្ថិតត្រង់គីឡូម៉ែត្រលេខ ០១+៥២០ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់ទាំងស្រុង ដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងបើកឆ្លងកាត់៕