
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានលើកឡើងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ដល់នូវទិដ្ឋភាព និងការរំខានរហូតមកដល់នេះ ស្តីពី ទស្សនរបស់រដ្ឋាភិបាលថៃ ចំពោះដំណើរការស្វែងរកសន្តិភាពបច្ចុប្បន្នរវាង ថៃ-កម្ពុជា និងតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការសម្រេចបានសន្តិភាពនៅក្នុងតំបន់។
មុនដំបូង នាយករដ្ឋមន្ត្រីថៃ អនុទិន ឆានវីរកូល ស្នើលក្ខខណ្ឌដែលមិនច្បាស់លាស់សម្រាប់ការចរចាសន្តិភាព ឬការសម្រេចបាននូវសន្តិភាពពិតប្រាកដរវាងប្រទេសទាំងពីរ គឺជាការឆ្លុះបញ្ចាំងពីការព្រងើយកន្តើយរបស់លោក អនុទីន ចំពោះការបញ្ចប់ជម្លោះដោយសន្តិវិធី។
លក្ខខណ្ឌរបស់ លោក អនុទីន ជាច្រើនចំណុចដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតែម្ខាង គឺគ្មានភាពច្បាស់លាស់ និងមិនសមហេតុផល។
នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល ប្រហែលជាទទួលបានយោបល់មិនគ្រប់ជ្រុងជ្រោយពីមន្រ្តីរបស់លោក ឬក៏ខ្លួនលោកផ្ទាល់ដឹងថាលក្ខខណ្ឌទាំងនេះមិនសមហេតុផល ហើយមានបំណងរុញច្រានឱ្យមានសង្គ្រាម។
ការលើកឡើងនេះ គឺជាភស្តុតាងដែលបង្ហាញពីភាពមិនចង់ចរចាដោយសុច្ចរិតរបស់ប្រទេសថៃ។ លក្ខខណ្ឌរបស់រដ្ឋាភិបាលថៃ សម្រាប់ការចរចាសន្តិភាព បានឆ្លុះបញ្ចាំងដោយឯកឯង ទៅនឹងរដ្ឋាភិបាលដែលធ្លាប់ឈ្លានពានអ្នកដទៃ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានប្រើប្រាស់ការទាមទារដែលមិនអាចទៅរួចជាលេស ដើម្បីបង្កសង្គ្រាម។
ការប្តេជ្ញាចិត្តដ៏ស្មោះត្រង់ក្នុងការចរចា ដើម្បីសន្តិភាពមិនមែនផ្តើមចេញពីលក្ខខណ្ឌឯកតោភាគីនោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែចាប់ផ្តើមដោយការគោរពគ្នាទៅវិញទៅមក៖ ការគោរពចំពោះដំណើរការចរចាភាគីជម្លោះ និងអ្នកសម្របសម្រួល។
ការថ្លែងនាពេលថ្មីៗ របស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល បញ្ជាក់ថា រដ្ឋាភិបាលថៃបានព្រងើយកន្តើយទាំងដំណើរការចរចា, ភាគីជម្លោះ និងអ្នកសម្របសម្រួល។
ចំណុចនេះ បានបង្ហាញតាមរយៈការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល បង្ហាញពីការមើលរំលងតួនាទីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយដល់ដំណើរការស្វែងរកសន្តិភាព និងខ្វះការគោរពរបស់ថៃ ចំពោះបំណងល្អ ឬការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការនាំភាគីទាំងអស់មកជួបជុំគ្នា។
ការមិនអើពើនេះ អាចត្រូវបានបន្ថែមទៀត ចំពេលដែលមានការតែងតាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ហាក់បីដូចជាបញ្ហានេះ ជាផលប្រយោជន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅវិញ។
ទង្វើជាក់ស្តែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល ចំពោះកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការសម្រុះសម្រួលសន្តិភាពរវាងកម្ពុជា និងថៃ មិនមែនគ្មានសារសំខាន់នៃជម្លោះព្រំដែនដែលកំពុងបន្តនេះទេ ប៉ុន្តែការព្រងើយកន្តើយរបស់ថៃ ថែមទាំងជាឧបសគ្គដ៏ធំដល់ការចរចាសន្តិភាព ព្រោះប្រសិនបើភាគីណាមួយមិនអើពើចំពោះអ្នកចរចាសន្តិភាព នោះដំណើរការសន្តិភាពទាំងមូលនឹងត្រូវបរាជ័យ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល នៅថ្ងៃនេះ អាចត្រូវបានគេចាត់ទុកជាជំហរតឹងរ៉ឹងចំពោះកម្ពុជា ប៉ុន្តែខ្ញុំគិតថាមានចំណុចសំខាន់មួយទៀតដែលគួរឱ្យកត់សម្គាល់នោះ គឺការមាក់ងាយយ៉ាងពិតប្រាកដរបស់រដ្ឋាភិបាលថៃ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណា ល់ ត្រាំ និងការខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់មនុស្សគ្រប់រូប ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដរវាងប្រទេសរបស់យើង៕
