
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ជាកឱ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយ ដែលស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ អនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ គឺពីថ្ងៃទី០៨-២៨ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានលើកឡើងា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូ AC, ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពាន ជាដើម។
មកទល់ពេលនេះ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ស្ទើរ ១០០% ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម ៨៧,២៥%។
គួរបញ្ជាក់ថា ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹង ជាង ១៣ ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ ចំនួន ២ គន្លង ទៅ-មក, គន្លងផ្លូវសម្រាប់ទោចក្រយាន ចំនួន ២ គន្លង ទៅ-មក និងផ្លូវថ្មើរជើង ចំនួន ២ គន្លង ទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។
ដំណែកផ្លូវតភ្ជាប់ប្រវែង ជាង ៣២ គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែង ជាង ១៥ គីឡូម៉ែត្រ និងផ្លូវខ្នែង ចំនួន ៤ ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ជាង ១៦ គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧ គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ ម៉ែត្រ រហូតដល់ ១៣ ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥ គីឡូម៉ែត្រ ពង្រីកទទឹង ១៩ ម៉ែត្រ លើតួផ្លូវ ៣០ ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រ ផងដែរ៕


