2025-09-28 14:39
15

ពោធិ៍សាត៖ ផ្តើមឡើងជម្លោះផ្ទៃក្នុងគ្រួសារមិនចុះសម្រុងនឹងគ្នាធ្វើឱ្យប្តី-ប្រពន្ធសម្រេចចែកផ្លូវគ្នាដើរ ប៉ុន្តែអ្វីដែលមិនដាច់ស្រឡះទាំងភាគីខាងប្តីដណ្តើមយកកូនប្រុសអាយុជា១ខួបយកទៅគ្រប់គ្រង ប៉ុន្តែស្ត្រីជាម្តាយមិនព្រមឱ្យទៅប្តីនោះទេ ក៏មានកំហឹងបុរសជាប្តីបើករថយន្តដេញតាមរួចស្ទាក់ផ្លូវ ប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធ កូន និងម្តាយក្មេក ព្រមទាំងតៃកុងរថយន្តម្នាក់ទៀត បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀត រងរបួសធ្ងន់ កំពុងសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្រោយមានហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវឃោឃៅ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បានដឹកនាំកម្លាំងចុះបង្រ្កាបករណី «ឃាតកម្ម» ដោយប្រើអាវុធខ្លី ម៉ាក K54 បាញ់សម្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ ចំនួ ០៣ នាក់។

ហេតុការណ៍អំពើឃាតកម្មខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០ នាទី តាមបណ្តោយលើផ្លូវជាតិ ៥៥ ចន្លោះគីឡូម៉ែត្រលេខ (១៥៩-១៦០) ចំណុច A4 ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់ប៉ូលិស បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ណ ដ ភេទស្រី អាយុ ៣០ឆ្នាំ (ស្លាប់) រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៣នាក់ទៀត (ស្រី ០១នាក់)។ 

ចំណែកជនសង្ស័យ មានឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ ៣៤ឆ្នាំ ជាមន្ត្រីយោធាកងទ័ពជើងគោក រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តរត់គេចខ្លួនបាត់។ 

បន្ទាប់ពីកើតហេតុរួច នៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នៅចំណុច មន្ទីរពេទ្យខេត្តពោធិ៍សាត់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់។

ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះ មានចំនួន ០៤ នាក់ ទី១៖ ឈ្មោះ ប វទ ភេទប្រុស អាយុជាង ៣០ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ២៖ ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ៣៖ ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) សម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ និងទី៤៖ ឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ ត្រូវជាកូនប្រុសបង្កើតរបស់សង្ស័យ របួលស្រាល) សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ចំពោះមូលហេតុនៃអំពើឃាតកម្មយ៉ាងសាហារព្រៃផ្សៃនេះ មូលហេតុបណ្តាលមកពីទំនាស់ផ្ទៃក្នុងគ្រួសារប្តី-ប្រពន្ធមិនចុះសម្រុងនឹងគ្នា ហើយដណ្ដើមកូនគ្នាយកទៅគ្រប់គ្រងរៀងៗខ្លួន ទើមឈានដល់ការបាញ់ប្រហារឱ្យផុតពូជបែបនេះ។

តាមរបាយករណ៍របស់ក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ដែលកំពុងធ្វើការជួយសង្គ្រោះដោយការវះកាត់ភ្លាមៗជូនជនរងគ្រោះ៣នាក់ ដែលរងគ្រោះដោយការបាញ់ប្រហារដោយកាំភ្លើង នៅស្រុកវែលវែង បានបញ្ជាក់ថា ជនរងគ្រោះមានរបួសលើឆ្អឹងលលាក្បាល, ខួរក្បាល ពោះ ទ្រូង និងដៃ។ ក្រុមគ្រូពេត្យបញ្ជាក់ថា ជនរងគ្រោះទី១ ត្រូវគ្រាប់កាំភ្លើងធ្លាយពោះ និងទ្រូង ចំនួន ០៣ កន្លែង វះកាត់ពោះ (បែកថ្លើម ដាច់សសៃឈាមក្នុងពោះ និងបាក់ឆ្អឹងជំនី), ជនរងគ្រោះទី២ វះកាត់ខួរក្បាល (បែកឆ្អឹងលលាក្បាលផ្នែកខាងមុខ ធ្លាយខួរមកខាងក្រៅ និងមានឈាមកកក្នុងខួរក្បាល) និងទី៣ កុមារ មានរបួសបាញ់ធ្លាយកំភួនដៃផ្នែកខាងឆ្វេងចំនួន ០៣ កន្លែង និងបៀមជាំកំទិចគ្រាប់ (វះកាត់រួចរាល់)៕