
ណាហ្គូយ៉ា៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះ ដែលបានហោះហើរ ចំនួន ២២០ គោលដៅនៅប្រទេស ចំនួន ៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕






