
ថៃ៖ បុគ្គលមានឥទ្ធិពលក្នុងប្រទេសថៃ លោក Ruangkrai Leekitwattana ជាអតីតសមាជិកព្រឹទ្ធសភា និងជាសកម្មជននយោបាយថៃ បានដាក់ញត្តិផ្ទាល់ខ្លួន ស្នើសុំឲ្យរំលាយ «គណបក្សភឿថៃ» បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី ពីលោកស្រី ផែថងថាន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កន្លងមកនេះ។
នៅថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក រឿងក្រៃ លីគីតវ៉ាត់ថៈណា (Ruangkrai Leekitwattana) បានដាក់ញត្តិទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយជំរុញឲ្យគណៈកម្មាធិការនេះ យកសាលក្រមរបស់តុលាការធម្មនុញ្ញ ដើម្បីរំលាយគណបក្សភឿថៃ ដូចទៅនឹងការរំលាយគណបក្សថៃរ៉ាក់ថៃ កាលពីឆ្នាំ២០០៧
លោក Ruangkrai Leekitwattana ស្នើឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងពិចារណាលើសាលក្រមរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ជាហេតុដើម្បីរំលាយគណបក្សភឿថៃ ដោយសារប្រព្រឹត្តខុសឆ្គងលើរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដោយបំពានលើមាត្រា ៩២ នៃច្បាប់ស្តីពី គណបក្សនយោបាយ៕

