2025-09-01 17:00
13

មេដឹកនាំចិនលោក Xi Jinping បានបោះប្រទេសរបស់ខ្លួន ធ្វើជាកម្លាំងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងបានសន្យាផ្តល់ប្រាក់រាប់រយលានដុល្លារ ដើម្បីជួយដល់ដៃគូរបស់ខ្លួន នៅពេលដែលលោកប្រធានាធិបតី Donald Trump ធ្វើសង្រ្គាមពាណិជ្ជកម្ម ដោយការដំឡើងថ្លៃពន្ធគយជាសកល និងបានផ្តាច់ជំនួយបរទេស ក្រោមគោលនយោបាយ "America First" របស់ត្រាំ ។ នេះបើតាមការចុះផ្សាយរបស់ CNN ។ 

លោក ស៊ីជីងពីង បាននិយាយក្នុងសុន្ទរកថា កាលពីថ្ងៃច័ន្ទនេះថា ចំណុចស្នូលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ធ្វើឡើងដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំពិភពលោករបស់ប្រទេសចិន និងភាពជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី ខណៈដែលប្រទេសទាំងពីរកំពុងតែស្វែងរកតុល្យភាពនៃការគាំទ្រជាសកលឡើងវិញ ។

លោក Xi បានប្រាប់មេដឹកនាំពិភពលោក ដែលប្រមូលផ្តុំគ្នានៅទីក្រុងកំពង់ផែចិនធានជីង ( Tianjin )  ថា៖ សម្រាប់កិច្ចប្រជុំកំពូលនៃទីក្រុងប៉េកាំង និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលគាំទ្រដោយទីក្រុងប៉េកាំង និងមូស្គូថា "យើងគួរតែបង្កើនភាពរឹងមាំនៃទីផ្សារទំហំធំរបស់យើង និងការបំពេញបន្ថែមសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក និងធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ" ។

    មេដឹកនាំចិនបានសន្យាផ្តល់ជំនួយចំនួន 2 ពាន់លានយន់ ( ស្មើ 280 លានដុល្លារ) ដល់រដ្ឋជាសមាជិក SCO ក្នុងឆ្នាំនេះ និងប្រាក់កម្ចីបន្ថែម 10 ពាន់លានយន់ ( ស្មើ1.4 ពាន់លានដុល្លារ) ដល់សម្ព័ន្ធធនាគារ SCO ។ លោកក៏បានអំពាវនាវឱ្យបង្កើតធនាគារអភិវឌ្ឍន៍ SCO ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់ ។

ទោះបីជាមេដឹកនាំចិន មិនបានបញ្ចេញឈ្មោះសហរដ្ឋអាមេរិកក្ដីក៏ដោយ ប៉ុន្តែមេដឹកនាំចិន បានប្តេជ្ញាប្រឆាំងនឹង " អនុត្តរភាព"  " សង្រ្គាមត្រជាក់ចិត្តសាស្រ្ត" និង "ការគំរាមកំហែង" ការថ្លែងសង្កត់ធ្ងន់កាន់អ្នកនយោបាយមកពីជុំវិញពិភពលោក រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ( Vladimir Putin )  នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ( Narendra Modi ) និងប្រធានាធិបតីទួរគី រ៉េហ្ស៊ីប តាយីប អ៊ីឌូកាន់ ( Recep Tayyip )Erdogan  )។  លោក Xi  បាននិយាយរិះគន់ពីសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។ នៅពេលដែលលោក Trump ព្រមានប្រទេសនានា ជាមួយនឹងសង្គ្រាមពាណិជ្ជកម្មពិភពលោក ការដកខ្លួនចេញពីអង្គការអន្តរជាតិ ការកាត់បន្ថយជំនួយបរទេស និងការគំរាមកំហែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទីក្រុងប៉េកាំងចាត់ទុកសហរដ្ឋអាមេរិកថាកំពុងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិដែលខ្លួនបានធ្វើការដើម្បីកសាង និងមើលឃើញឱកាសមួយដើម្បីពង្រីកចក្ខុវិស័យរបស់ខ្លួនជាជម្រើសមួយ។

លោក Xi ថា "យើងគួរតែតស៊ូមតិពហុប៉ូលស្មើគ្នា និងសណ្តាប់ធ្នាប់នៃពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានប្រយោជន៍រួមបញ្ចូល និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចពិភពលោកកាន់តែមានភាពយុត្តិធម៌ និងសមធម៌"។

លោក Xi លោក Putin បានអំពាវនាវជាថ្មីឱ្យ SCO បង្កើត "ប្រព័ន្ធថ្មី" នៃសន្តិសុខនៅអឺរ៉ាស៊ី ដោយដាក់វាជាជម្រើសមួយសម្រាប់សម្ព័ន្ធភាពដឹកនាំដោយលោកខាងលិច ដែលលោកបានប្រឆាំងជាយូរមកហើយ។ កិច្ចប្រជុំកំពូលនេះគឺជាការបង្ហាញពីទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធរវាងចិន និងរុស្ស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំរបស់មេដឹកនាំផ្តាច់ការទាំងពីរនេះ ។


កិច្ចប្រជុំកំពូល SCO ក៏ជាឱកាសដំបូងក្នុងការជួបជុំរបស់មេដឹកនាំ ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់លោក Putin ជាមួយលោក Trump នៅរដ្ឋអាឡាស្កា កាលពីដើមខែសីហានេះ ហើយមកដល់ពេលនេះលោក ពូទីន រងនឹងការដាក់សម្ពាធរបស់លោកខាងលិច ដើម្បីបញ្ចប់សង្រ្កាមនៅអ៊ុយក្រែន។ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 បន្ទាប់ពីកងទ័ពរុស្ស៊ីពីមុនបានដណ្តើមយកតំបន់គ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន។

លោក Trump បានគំរាមចិនថាអាចប្រឈមមុខនឹងការយកពន្ធសំខាន់ៗលើទំនិញរបស់ខ្លួន ប្រសិនបើខ្លួននៅតែបន្តទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ ប៉ុន្តែទោះបីជាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបែបនេះលើប្រទេសឥណ្ឌាកាលពីសប្តាហ៍មុនក៏ដោយ ខណៈដែលឥណ្ឌាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយជាមួយទីក្រុងប៉េកាំង។ ការយកពន្ធគយ 50% របស់លោក Trump លើប្រទេសឥណ្ឌា បានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិចនិងឥណ្ឌាកាន់តែល្អក់កករនិងគ្នា និងបានពន្លឿនការទំនាក់ទំនងប្រកបដោយការប្រុងប្រយ័ត្នរវាងទីក្រុងញ៉ូដេលី ( New Delhi )  និងទីក្រុងប៉េកាំង។

ក្នុងជំនួបមេដឹកនាំឥណ្ឌា ជាមួយមេដឹកនាំចិន កាលពីថ្ងៃអាទិត្យនេះ គឺក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈដែលប្រទេសទាំងពីរប្រឈមមុខនឹងការរឹតបន្តឹងពន្ធរបស់សហរដ្ឋអាមេរិក និងការត្រួតពិនិត្យរបស់លោកខាងលិចជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី។