
ហ្វីលីពីន៖ កម្ពុជា ដណ្ដើមបានមេដាយ ចំនួន ០៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធ (Bronze Medal) ចំនួន ១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។
លោក ចាន់ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូតំណាងកម្ពុជា ចំនួន ៣១ រូប និងបេក្ខជន ចំនួន ១៩ រូប ចូលរួមប្រកួតប្រជែងលើមុខជំនាញ ចំនួន ១៣ ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កម្មវិធីប្រកួតប្រជែងនោះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយប្រទេសជាសមាជិកអាស៊ាន ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម និយោជកជាមួយនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្តល់ជាមធ្យោបាយ ដើម្បីទទួលស្គាល់ឧត្តមភាពការងារ និងអភិវឌ្ឍន៍យុវជន និងកម្មករជំនាញជំនាន់ថ្មីឱ្យមានជំនាញខ្ពស់។
បេក្ខជន សិត ដារ៉ា មកពីវិទ្យាស្ថានប៉េ អេស អឺ (PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ទទួលបានពានរង្វាន់មេដាយសំរឹទ្ធ ទាក់ទងនឹងមុខជំនាញរៀបការ៉ូ, បេក្ខជន ណន តាំងហេង និង អុល សុភារម្យ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដណ្ដើមបានពានរង្វាន់មេដាយឧត្តមភាព ទៅលើមុខជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងពានរង្វាន់ល្អបំផុតលើមុខជំនាញ Cooking ដណ្ដើមដោយបេក្ខជន ចាង សុភ័ក្រ មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជានៃក្រសួងទេសចរណ៍។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងនេះ មិនត្រឹមតែជាការប្រកួតប្រជែងស្វែងរកអ្នកបច្ចេកទេសដ៏ឆ្នើមបំផុតនោះទេ ប៉ុន្ដែគឺជាការផ្ដល់ឱកាសដល់យុវជនក្នុងការបង្ហាញទេពកោសល្យ ការច្នៃប្រឌិត និងបង្កើនភាពជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះថែមទាំងលើកទឹកចិត្តដល់យុវជនឱ្យពង្រឹងមុខជំនាញរបស់ពួកគេ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច៕


