
អ៊ុយក្រែន បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីតាំងរោងចក្រចម្រាញ់ប្រេងសំខាន់ៗចំនួនពីររបស់រុស្ស៊ី រយៈត្រឹមមួយយប់តែប៉ុណ្ណោះ នៅក្រាសណូដា ក្រៃ ( Krasnodar Krai ) នេះបើយោងតាមរបាយការណ៍ពីមន្ត្រីក្នុងតំបន់ និងប្រភពពីយោធាអ៊ុយក្រែន ។
កាលពីថ្ងៃព្រហស្បតិ៍ទី 28 ខែសីហា បន្ទាប់ពីរងការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែន បណ្ដាលឲ្យរោងចក្រ គុយប៊ីសៀវ ( Kuibyshev ) និងរោងចក្រចម្រាញ់ប្រេងអាហ្វីស្កាយ ( Afipsky ) មានការផ្ទុះឡើងឆាបឆះផ្សែងក្មួលខ្មាញ់ពេញមេឃ។ រោងចក្រចម្រាញ់ប្រេងគុយប៊ីសៀវ ( Kuibyshev ) ជាផ្នែកមួយនៃក្រុមក្រុមហ៊ុនប្រេងរូសនេហ្វ ( Rosneft ) គឺជាកន្លែងកែច្នៃប្រេងដ៏សំខាន់មួយក្នុងតំបន់។ បន្ទាប់ពីរងការវាយប្រហារភ្លាមនោះ ប្រតិបត្តិការហោះហើរត្រូវបានផ្អាកទាំងស្រុងនៅអាកាសយានដ្ឋាន ក្នុងទីក្រុងSamara និងសូឈី ( Sochi ) ។
ការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងរោងចក្រចម្រាងប្រេង អាហ្វីស្កាយ ( Afipsky ) គឺជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់នៃប្រេងម៉ាស៊ូតដល់សេដ្ឋកិច្ច និងយោធារបស់រុស្ស៊ី ហើយការវាយប្រហារលើទីតាំងរបស់រោងចក្រចម្រាញ់ប្រេងទាំងពីរខាងលើនេះ បានបង្ហាញពីការរំខានមួយផ្សេងទៀតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ចំពេលមានជម្លោះដែលកំពុងបន្តកើតមានជាមួយអ៊ុយក្រែន។