2025-08-28 17:09
11

កណ្តាល៖ ស្ត្រីជានារីបម្រើការងារក្នុងហាងការ៉ាអូខេម្នាក់ ត្រូវបានប្តីច្របាច់ “ក” ស្ទះផ្លូវដង្ហើម បណ្តាលឱ្យស្លាប់ក្នុងបន្ទប់ទឹកផ្ទះជួល ដោយសារតែភ្លើងប្រច័ណ្ឌ និងកើតមានជម្លោះផ្ទៃក្នុងគ្រួសារស្ទើររៀងរាល់ថ្ងៃ ដែលបង្ករឿងមុនដោយភាគីប្រពន្ធ។ បន្ទាប់ពីសម្លាប់ប្រពន្ធបុរសជាប្តីបានដើរសំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីសារភាពទោសកំហុស។

ករណីហិង្សាមួយ ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីសម្លាប់ប្រពន្ធរួចចាក់សោរបន្ទប់គ្មានអ្នកណាដឹង លុះចុងក្រោយប្តីដែលឃាតកមិនរត់គេចទៅណា ក៏បានដើរចូលទៅប៉ុស្តិ៍សមត្ថកិច្ចសារភាពថា ខ្លួនសម្លាប់ប្រពន្ធនៅក្នុងបន្ទប់ទឹកផ្ទះជួល ។ ពេលនោះសមត្ថកិច្ចមកដល់កន្លែងកើតហេតុ និងចាក់សោរចូលមើល ក៏ប្រទះឃើញសាកសពប្រពន្ធពិតមែន បង្កការភភ្ញាក់ផ្អើលកើតហេតុព្រឹកព្រលឹមតែម្តង ។

ប៉ុន្តែអ្វីដែលគួរឱ្យសង្វែកបំផុតនោះ គឺបន្សល់ទុកកូនប្រុស-ស្រី ចំនួន ០២នាក់ មានអាយុទើបតែ ១០ឆ្នាំ ត្រូវរស់នៅកំព្រាឪពុកម្តាយគ្មានទីពឹង ព្រោះម្តាយត្រូវស្លាប់ រីឯឪពុកក្លាយជាឃាតលត្រូវជាប់គុក។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណី ឃាតកម្មប្តីសម្លាប់ប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង ០៥និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុច បន្ទប់ជួលលេខ៣ ជាន់ផ្ទាល់ដី ស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ រិទ្ធ ស្រីរ័ត្ន ហៅ «កាវ៉ាន់» អាយុ ២៩ឆ្នាំ មុខរបរ ជាបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកបុរសជាប្តី មានឈ្មោះ កៃ សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅជាមួយគ្នា។

តាមសាច់ញាតិជនរងគ្រោះស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០១រសៀល ជនសង្ស័យ និងជនរងគ្រោះជាប្តី-ប្រពន្ធ បានឈ្លោះគ្នាប្រកែក ជេបញ្ចោគ្នាផ្អើលង្នកស្នាក់នៅបន្ទប់ជិតខាង ដោយនាងជាប្រពន្ធជាតែងតែអ្នករករឿង និងវាយប្តី ប៉ុន្តែបុរសជាប្តីនៅស្ងៀមមិនតបតទៅប្រពន្ធវិញ បន្ទាប់ពីឈ្លោះគ្នារួចប្រពន្ធក៏ទៅធ្វើការនៅហាងខារ៉ាអូខេបាត់ទៅ ។

ស្រាប់តែមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៤និង២៥ ទាបភ្លឺពីរនាក់ប្តី-ប្រពន្ធក៏បានឈ្លោះគ្នាយ៉ាងខ្លាំងលឺសូរក្តុងក្តាំងៗ ហើយគាត់ជាម្តាយមីងក៏ចេញទៅមើលក៏ទៅបើកទ្វារ ហើយឃើញពួកគាត់ឈ្លោះអូសគ្នា នៅក្នុងបន្ទប់ទឹកគាត់ក៏ស្រែកសួរថា “ពួកហែងនៅឈ្លោះគ្នាដល់ណាទៀតស្មារនឹងហើយ ពួកហែងមិនខ្លាចរំខានដល់អ្នកជិតខាងទេអី”។ បន្ទាប់មកគាត់ក៏លឺសំលេងទូរសព្ទរោទិ៍តែមិនដឹងថា ទូរសព្ទរបស់ប្រពន្ធ ឬប្តីនោះទេ ហើយខាងប្តីក៏បានស្រែកឲ្យគាត់ជាមីងចេញពីបន្ទប់ទៅ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ជនរងគ្រោះក៏បានជិះម៉ូតូទៅធ្វើការបាត់។

លុះមកដល់វេលាម៉ោង ០៥និង៥០នាទីព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានចេញពីធ្វើការនៅហាងការ៉ាអូខេ ក៏បានឃើញប្តីដែលជាជនសង្ស័យកំពុងដេក ក្នុងបន្ទប់ហើយបានដើរមកជេរមើលងាយប្តី ធ្វើឲ្យប្តីបានជេរតបតទៅវិញ ទើបធ្វើឲ្យជនរងគ្រោះជាប្រពន្ធខឹងថែមទាំងស្រវឹងស្រាផង បានយកខ្សែភ្លើងមកវាយប្តីជាជនសង្ស័យចំដៃ និងខ្នង ឃើញដូចនោះជនសង្ស័យជាប្តីក៏បានវាយតបតទៅវិញ ធ្វើឱ្យមានការវាយវាយតប់គ្នាទៅវិញទៅមក ហើយក៏បានច្រានជនរងគ្រោះទៅក្នុងបន្ទប់ទឹកបណ្តាលឲ្យគាត់ដួល ឃើញដូចនោះជន សង្ស័យក៏បានយកដៃច្របាច់កជនរងគ្រោះប្រហែល ០១នាទី ដោយមិនឃើញកំរើក ជនសង្ស័យក៏ភ័យរួចដើរចេញពីកន្លែងហ្នឹងដោយមិនបានស្ទាបដង្ហើមជនរងគ្រោះទេ រួចអូសម៉ូតូចេញពីក្នុងបន្ទប់ រួចយកកូនសោចាក់ទ្វារពីខាងក្រៅបន្ទាប់មកជិះម៉ូតូចេញទៅទៅបាត់ ។

ក្រោយពីជ្រុលដៃសម្លាប់ប្រពន្ធជនសង្ស័យអត់រត់គេចខ្លួនទៅណាទេ គឺដើរចូលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីសារភាពនូវទង្វើរបស់ខ្លួនតែម្តង។
តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យផ្នែកកោសលវិច្ច័យ និងជំនាញសពជនរងគ្រោះស្លាប់ដោយស្ទះផ្លូវដង្ហើម ដោយសារច្របាច់កក្នុងអំពើឃាតកម្ម។ 
បច្ចុប្បន្នជន សង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់៕