2025-08-26 16:59
95

បន្ទាយមានជ័យ៖ រសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែង ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបានចុះដល់ចំណុចបង្គោលព្រំដែនខាងលើ មានចំនួនប្រទេស ៥ ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

លោស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤និង២០នាទីរសៀលនេះ កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រ ភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។

កម្ពុជាស្នើឱ្យភាគីថៃ គោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រនៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។

កម្ពុជាសូមបញ្ជាក់ថា «រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)»។

សូមជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមយោធាថៃជាច្រើននាក់ បានធ្វើសកម្មភាពរាយបន្លាលួសរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា ហើយត្រូវប្រជាពលរដ្ឋកម្ពុជាច្រើននាក់បានផ្ទុះការតវ៉ាប្រឆាំងយ៉ាងតឹងតែងបំផុតរហូតធាថៃ ប្រើប្រាស់ឧបករណ៍បញ្ចេញសំឡេងកម្រិតខ្លាំង «Long Range Acoustic Device» ដែលមានរកម្រិតសំឡងចាប់ពី ១៣០-១៦០ ដេស៊ីបែល ដែលបង្កឱ្យឈឺ ឬខូចត្រចៀក ឈឺក្បាល វិលមុខ ក្អួត និងអាចបណ្តាកដល់សន្លបផងដែរ។