
ថៃ៖ លោក Phongkawin Choonhawongse រដ្ឋមន្ត្រីក្រសួងការងារថៃបានបង្ហើបថា សភាពាណិជ្ជកម្មថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលថៃ ដោយសភាពាណិជ្ជកម្មថៃជំរុញជ្រើសរើសទាហានបន្ថែម និងយកអ្នកទោសដែលមានអាកប្បកិរិយាល្អ និងអ្នកជាប់ឃុំជាអនីតិជន ជាកំលាំងពលកម្មសំរាប់ប្រើប្រាស់ជំនួសពលករកម្ពុជាក្នុងវិស័យផលិតកម្ម និងកសិកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមកង្វះកំលាំងពលកម្មក្នុងស្រុកជាបន្ទាន់ បន្ទាប់ពីពលករខ្មែរជាច្រើនាក់បាននាំគ្នាសំរុកវិញត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពីមានជម្លាះព្រំដែនកម្ពុជា-ថៃ ។
រដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះបានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី២៦ ខែសីហានេះថា៖ ភាគីមួយចំនួនបានបង្ហាញក្ដីកង្វល់អំពីគោលនយោបាយការនាំចូលនៃកំលាំងពលករមកពីប្រទេស ស្រីលង្កា ដើម្បីជំនួសពលករកម្ពុជា ប៉ុន្តែមានមតិខ្លះបានស្នើឲ្យមានការជ្រើសរើសពលករថៃជំនួសវិញ ដោយមិនចាំបាច់យកពលករមកពីក្រៅប្រទេសនោះឡើយ។ លោកបានបញ្ជាក់ថា ការនាំចូលកម្មករពីប្រទេសផ្សេងៗ គឺជាមធ្យោបាយមួយដើម្បីបង្វែរហានិភ័យ និងដោះស្រាយជាបន្ទាន់នូវកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ព្រោះបច្ចុប្បន្ននេះវិស័យជាច្រើនក្នុងប្រទេសថៃកំពុងប្រឈមមុខខ្លាំងនិងជាប់គាំង ។
លោកថានឹងពន្លឿនរឿងនេះទៅគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ដើម្បីជំរុញលើការងារ និងបំពេញតម្រូវការ វិស័យធុរកិច្ចឲ្យបានទាន់ពេលវេលា។ ដើម្បីដោះស្រ័យបញ្ហាប្រឈមការខ្វះខាតកំលាំងពលកម្មជាបន្ទាន់នេះ ក្នុងការជ្រើសរើសពលករ ដោយនាយកដ្ឋានការងារថៃ(DOE) មានវិធានការក្នុងការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកដូចជា៖ ទាហានជាប់ឃុំ អ្នកទោសដែលមានអាកប្បកិរិយាល្អជិតត្រូវបានដោះលែង និងអនីតិជននៅក្នុងមណ្ឌលឃុំឃាំងជាដើម។
ដោយអ្នកទោសទាំងនេះ អាចបំពេញបន្ថែមនូវកម្លាំងពលកម្ម និងបង្កើនកម្លាំងពលកម្មជាបន្ទាន់ ក្នុងវិស័យផលិតកម្ម និងកសិកម្ម។ ហើយថៃក៏និងបើកទទួលយកពលករពីបណ្ដាលប្រទេសផ្សេងៗទៀត ដែលមិនមានឯកសារស្របច្បាប់ផងដែរ។

