
ក្រចេះ៖ គណនីហ្វេសប៊ុកមួយបានបង្ហោះលើបណ្ដាញសង្គមដង្ហើយរកភាពយុត្តិធម៌ខណៈដែលឪពុករបស់ខ្លួនជាអ្នករត់តាក់ស៊ី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ព្រោះតែដឹកភ្ញៀវបរទេសពីច្រកព្រំដែនអន្តរជាតិបាវិត ដែលស្ថិតនៅចំនុចប៉ុស្តិ៍ត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចំណុចភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រោមហេតុផលដឹកភ្ញៀវបរទេស ដែលមិនបានវាយត្រាចូលប្រទេសកម្ពុជាហើយក៏ឈានដល់ការចាប់ឃាត់ខ្លួនតែម្តង។
នេះបើយោងតាមគណនី FACEBOOK ឈ្មោះ Sopheak Real បានបង្ហោះខ្លឹមសារថា៖ ជំរាបសួរបងប្អូនទាំងអស់គ្នាផង.! សូមជួយស៊ែរព៌តមាននេះអោយថ្នាក់ដឹងនាំបានដឹងផង ឪពុករបស់ខ្ញុំគាត់រត់តាស៊ី ដោយបានយកភ្ញៀវនៅចំណុចច្រកអន្តរជាតិបាវិតច្រក កម្ពុជា-វៀតណាម នៅថ្ងៃទី២២ ខែសីហា វេលាម៉ោង3:05 នាទីរសៀល ហើយដឹកចេញទៅច្រក ព្រំដែន ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ។ ពេលដែលទៅយកភ្ញៀវនៅច្រកបាវិតនោះភ្ញៀវក៏បានបង្ហាញ ប៉ាសស្ព័រ អោយមើលហើយ ក៏អនុញ្ញាតអោយឡើងឡានមក ដោយគាត់មិនបានយល់ដឹងពីរឿងត្រាចេញចូរ ដោយគាត់គិតថាភ្ញៀវចេញពីច្រកធំហើយនៅលើដីខ្មែរហើយក៏គាត់អនុញ្ញាតអោយឡើងឡានមក ហើយក៏បានដឹកចេញពីបាវិតទៅត្រពាំងស្រែ មកដល់ទីតាំងចំណុច ស្រុកស្នួលខេត្តក្រចេះ ហើយ ( ប៉ូលីសបានដាក់ប៉ុសត្រួតពិនិត្យបានឆែកមើលឯកសារប៉ាសស្ព័រជនជាតិវៀតណាម ក៏បានឃើញថាមានតែត្រាវៃចេញពីខាងវៀតណាម តែចូលមកខាងកម្ពុជាអត់បានវៃត្រាខាងកម្ពុជាទេ) សមត្ថកិច្ចក៏បានចាប់បញ្ជូនជនជាតិវៀតណាមនោះ រួមទាំងឪពុករបស់ខ្ញុំដែលជាតៃកុងឡានអ្នករត់តាក់ស៊ី ទៅស្នងការខេត្តក្រចេះ តាំងពីយប់ថ្ងៃទី22 ខែសីហាឆ្នាំ2025 មកដល់ឥឡូវមិនទាន់បានដោះលែងអោយឪពុកខ្ញុំមកផ្ទះវិញនៅឡើយ។
ដោយគ្រួសាររបស់ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ក្រុមគ្រួសារបងខ្ញុំពិតជាខ្វះខាតខ្លាំងណាស់ត្រូវការរកលុយដើម្បីសងធានាគារ។ សូមសំណូមពរដល់ថ្នាក់ដឹងនាំ នឹងបងប្អូនអ្នកចេះដឹងរឿងច្បាប់ ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំផង។
សូមបងប្អូនអ្នកខាងច្បាប់ជួយពន្យល់ផ្លូវច្បាប់ដល់ពួកខ្ញុំអ្នករត់តាក់ស៊ីផង ដោយពួកខ្ញុំមិនបានយល់ដឹងពីការវៃត្រាចេញចូលនោះទេ🙏🙏🙏។
ក្រោយមានការបង្ហោះបែបនេះស្រាប់តែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មានថា៖ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម សារព័ត៌មាន និងសាធារណជនឲ្យបានជ្រាបថា៖ ពាក់ព័ន្ធទៅ នឹងករណី Facebook ឈ្មោះ Sopheak Real ដែលបាន Post មានខ្លឹមសារថា «ជំរាបសួរបងប្អូនទាំងអស់គ្នា ផង.! សូមជួយស៊ែរព៌តមាននេះអោយថ្នាក់ដឹងនាំបានដឹងផង ឪពុករបស់ខ្ញុំគាត់រត់តាស៊ី ដោយបានយកភ្ញៀវនៅ ចំណុចច្រកអត្តរជាតិបាវិតច្រក កម្ពុជា-វៀតណាម នៅថ្ងៃទី២២ ខែសីហា វេលាម៉ោង ៣:០៥នាទីរសៀល ហើយដឹកចេញទៅច្រក ព្រំដែន ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ។
អ្នកនាំពាក្យស្នងការនគរបាលខេត្តក្រចេះ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១/ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥៖ នៅវេលាម៉ោង ១៨:៤៥នាទី កម្លាំងក្រុមការងារត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចំណុច ភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល បានធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ០១គ្រឿង ម៉ាក់ TOYOTA HIGHTLANDER ពាក់ស្លាកលេខ ភ្នំពេញ 2-AU 2309 ដោយមានជនជាតិខ្មែរជាអ្នកបើកបរ និងមានជនជាតិបរទេសម្នាក់ (ជនជាតិ វៀតណាម) ដើម្បីត្រួតពិនិត្យសកម្មភាពការជួញដូរមនុស្ស និងគ្រឿងញៀន។ ២/ ក្រោយពីកម្លាំងជំនាញបានពិនិត្យលើលិខិតឆ្លងដែនរបស់ជនជនជាតិវៀតណាម បានរកឃើញថា លិខិតឆ្លងដែនពុំមានប្រថាប់ត្រាចេញ-ចូលប្រទេស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ និងសកម្មភាព ដឹកជញ្ជូនមនុស្សនេះ គឺមានការចាត់តាំងទទួលបានពីក្រុម (WeChat, Telegram) ដែលមានការចាត់ចែង គ្រប់គ្រងច្បាស់លាស់ក្នុងសកម្មភាពដឹកជញ្ជូនពីទីតាំងមួយ ទៅកាន់ទីតាំងមួយទៀតដោយពិតប្រាកដ។ ៣/ ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

