2025-08-26 15:57
8

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា៖ «ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ។ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ»។

លោកឧបនាយកដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកបែបនេះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីផ្ញើជូនជនរួមជាតិ សាធារជនទាំងក្នុង និងក្រៅប្រទេសធ្វើការពិចារណាចំពោះការលើករបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលកំពុងសោយសុខនៅឯបរទេស។

មុខការពារជាតិ នាយកឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម៖ «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន...... តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន....... សាធារណជន «មិនដឹងត្រូវជឿខាងណា?» 

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា គូសបញ្ជាក់ថា សូមពិនិត្យ និងពិចារណា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២និង០០នាទីយប់ ដល់ម៉ោង០៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់។ ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ០២និង២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកផ្លូវការរបស់ក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួនពីរដង។ 

ប្រមុខក្រសួងការពារជាតិ បានចោទជាសំណូរទៅកាន់ក្រុមជ្រុលនិយមទាំងនោះវិញថា តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា? បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។

ប្រមុខការក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជូនបងប្អូនជនរួមជាតិ ឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញចៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូនប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរ ឬទេ? ថា កងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់) នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២ (ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩-១០ ខែកញ្ញា ខាងមុខនេះទៀត។ 

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត»៕