2025-08-25 15:31
9

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ទីបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ លោក ហេង រតនា អគ្គនាយកដ្ឋអង្គភាពស៊ីម៉ាក់ និងលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង បោសសម្អាតមីនតោនតាមសហគមន៍ ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ 

កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាព CMAC តាំងពីឆ្នាំ២០១១ មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។ តាមរយៈគម្រោង IMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាព ក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។

សូមរំលឹកថា លោកTakayama Ryori ជាអតីតកងទ័ពជប៉ុន និងបានចូលរួមចំណែកក្នុងបេសសកម្ម UNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង ២៥ឆ្នាំមកហើយ។ នៅដើមឆ្នាំ២០០០ យើងបានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើន និងមនុស្សរស់នៅច្រើនដែរ គឺជ្រើសរើសយកឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជាឃុំមានគ្រាប់មីនច្រើន និងស្ថិតជាប់ជាមួយព្រំដែនថៃ។ យើងបានបោសសម្អាតគ្រាប់មីនផង ចលនាសប្បុរជនកសាងសាលារៀនផង និងជាពិសេស លោក Takayama បានចូលរួមកៀរគរអ្នកវិនិយោគជប៉ុន បានកសាងរោងចក្រខ្នាតមធ្យម ចំនួន ៥ រោងចក្រ នៅតំបន់ដាច់ស្រយាល រហូតបានផលិតសុរាខ្មែរផលិតពីតំឡូង និងស្វាយកែវម្មៀត ទៅប្រឡងជាប់ថ្នាក់ស្រាល្អនៅប្រទេសបារាំងទៀតផង។

 ការខិតខំរបស់យើង បានចូលរួមប្រែក្លាយពីដីសម្បុរគ្រាប់មីនទៅជាដីប្រកបដោយសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ។

លោក ហេង រតនា មានក្តីសង្ឃឹមយ៉ាងមុតមាំថា ជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីន នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅ និងប្រើប្រាស់ដីធ្លី ដើម្បីធានាសុខសុវត្ថិភាព និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង៕