
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី មីឆេល ចាន់ រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី លើកទី៥ នៅរដ្ឋធានីកង់ប៉េរ៉ា ប្រទេសអូស្រ្តាលី។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានរិះរកមធ្យោបាយនានា ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីកង្វល់រួមផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហានេះ។
កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងប៉ូលីសសហព័ន្ធអូស្រ្តាលី ព្រមទាំងឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរផងដែរ។
ចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-អូស្រ្តាលី លើកទី៦ នៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចពិគ្រោះយោបល់ លើកទី៥ នេះ លោកបណ្ឌិត អ៊ុន ឃាង ក៏បានជួបជាមួយបញ្ញវន្តមកពីសាកលវិទ្យាល័យជាតិអូស្ដ្រាលី មន្រ្តីនៃនាយកដ្ឋានអាស៊ីបូព៌ា និងនាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ដ្រ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ដើម្បីផ្លាស់ប្ដូរទស្សនៈលើការវិវឌ្ឍផ្នែកភូមិសាស្ដ្រនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោករដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលអូស្រា្តលី ដើម្បីស្វែងយល់អំពីការរស់នៅ និងវឌ្ឍនភាពនៃការសិក្សាផងដែរ៕
