
រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ លោក គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «រត់ដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន ។
កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួន ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១ នាក់ ក្នុងនោះមានស្ត្រី ៣២៣ នាក់ និងបុរស ៣៨៨ នាក់។
ការប្រកួតនេះមានចម្ងាយ ៥គីឡូម៉ែត្រ ស្មើ២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក និងចែកជា ២ ដំណាក់កាល៖
- ដំណាក់កាលទី១ (វគ្គជម្រុះ)៖ ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកកីឡាករល្អបំផុត ១០០នាក់ និងកីឡាការិនីល្អបំផុត ១០០នាក់ ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
- ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ)៖ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបេក្ខជនទាំងពីរភេទ ដែលបានជាប់នៅក្នុងវគ្គជម្រុះ។ វគ្គនេះធ្វើឡើងដើម្បីប្រកួតយក ជ័យលាភីលេខ ១ ដល់លេខ ១០ (ទាំងកីឡាករ និងកីឡាការិនី សរុប ២០រូប)៕
