
ភ្នំពេញ៖ ក្រុមជនសង្ស័យជាជនជាតិចិន ចំនួន ០៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការនគរបាលខណ្ឌកំបូល ឃាត់ខ្លួនពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត សម្ភារៈសង្ស័យករណី ចាប់ជំរិត និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុច ផ្លូវជាតិលេខ៤ ដោយធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ០១ គ្រឿង ម៉ាកToyota Alphard បើកបរដោយជនជាតិខ្មែរ នៅក្នុងរថយន្តមានគ្នា ចំនួន ០២ នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅមួយមានសម្ភារមួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិត ទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥និង ៣០នាទី សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០៣ នាក់ នៅផ្ទះលេខ C០៥ ផ្លូវលេខ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជភ្នំពេញ។
ករណីនេះសមត្ថកិច្ចរឹបអូសវត្ថុតាងចាប់យករួមមាន អាវុធខ្លី ០១ ដើម ម៉ាក ZORAKI M906T លេខ A3YZR17YSO1-2400144 ,បង់ចំនួន ០១, គ្រាប់ ចំនួន ០៤គ្រាប់ លេខ៣២, ស៊ីឡង់សឺ ចំនួន ០១, កុំព្យូទ័រ លេបថប ចំនួន ០១ គ្រឿង, ទូរសព្ទដៃ ចំនួន ០៤ គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០២ គ្រឿង (តូច ០១,ធំ ០១), លេបថប ចំនួន ០១ គ្រឿង ម៉ាកLENOVO ពណ៌ខ្មៅ, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច ,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ចូកគ្រឿងញៀន ចំនួន ០២, PASSPORT ចំនួន ០១, បណ្ណបើកបរ ចំនួន ០១សន្លឹក, កាតជនជាតិចិន ចំនួន ០២ សន្លឹក, កាតជនជាតិវៀតណាម ចំនួន ០១ សន្លឹក, ថង់ប្លាស្ទិចមួយចំនួន បំពង់ទុយោ មួយចំនួន, ដំបងឆក់ ចំនួន ០២ ខ្នោះចំនួន ០២ ស្ព្រាយបាញ់ភ្នែក ចំនួន ០៦ កំប៉ុង វិទ្យុទាក់ទង ចំនួន ០២ គ្រឿង ខ្សែរិតពីជ័រ ០១ថង់ និងដំបងដែករលាស់ ០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិន០៣នាក់និងវត្ថុតាងត្រូវបានបញ្ជូននិងយកមកសាកសួរនិងបន្តនីតិវិធីទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

