2025-08-23 14:50
12

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចសន្ទនាសភា “ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា” នៅវិមានរដ្ឋសភា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរសភា EU កម្ពុជា ( IPM ) លើកទី៥ នៅឆ្នាំ២០២៦ ខាងមុខ។

កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា និងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។

វាគ្មិនដែលបានអញ្ជើញចូលរួម រួមមាន លោក Antoine Ripoll រដ្ឋមន្ត្រីទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោក Bryan Fonari ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំរាជធានីភ្នំពេញ រួមជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយចំនួនទៀត។

នៅក្នុងសុន្ទរកថាបើករបស់ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។

លោកបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ២៣ ភាគរយ នៅដើមឆ្នាំ២០២៥ ដោយលោកក៏បានសង្កត់ធ្ងន់លើគោលដៅរបស់កម្ពុជា ដើម្បីបញ្ចប់ពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា «កម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ក្នុងកិច្ចសន្ទនានេះ លោកស្រី អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព។ កម្ពុជាឱ្យតម្លៃសន្តិភាព សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងសិទ្ធិមនុស្ស។ យើងសូមអំពាវនាវឱ្យប្រទេសថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី ហើយយើងសូមជំរុញឱ្យសភាអឺរ៉ុប និងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្វែងរកយុត្តិធម៌ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា។

នៅក្នុងសុន្ទរកថាបិទកម្មវិធី លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីថា «ភាពជាដៃគូ EU Cambodia ត្រូវបានចាក់ឫសនៅក្នុងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសន្តិភាព វិបុលភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ»។ 

លោកបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទូតសភា ក្នុងការកសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានប្រកាសថា «កិច្ចសន្ទនា នាពេលនេះជាការបន្តនៃមិត្តភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា  »៕