2025-07-24 17:01
25

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយមានកាសែតថៃ ចុះផ្សាយថា “សម្តេចតេជោចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិន” បុរសខ្លាំងកម្ពុជា សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នជថា៖ «ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមផ្លូវការថា៖ នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា “ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន”។ ពាក់ព័ន្ធការចុះមិនពិតនេះ សម្តេចសូមបញ្ជាក់ថា “ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!”។

សម្តេចតេជោបានបញ្ជាក់សង្កត់ធ្ងន់ថា៖ «ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២ របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២ របស់ថៃនេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ»។

សម្តេចតេជោបានបន្ថែមទៀតថា៖ «លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ»៕