2025-07-26 15:01
11

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក ភូមិថាម វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ លើបណ្តាញឃោសនារបស់ខ្លួនថា៖ «ការចូលសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន សំដៅដើម្បីបញ្ចប់ជម្លោះនៃការវាយប្រយុទ្ធគ្នានៅតាមព្រំដែនប្រទេសទាំងពីរដោយនាយករដ្ឋមន្ត្រីស្តីទីថៃវាយប្រហារ និងចោទប្រកាន់មកលើកម្ពុជាគ្មានឆន្ទៈទៅវិញ តាមពិតថៃខ្លួនឯងក្រឡិចក្រឡុចផ្លាស់ប្តូរជំហរភ្លាមៗក្នុងការសម្របសម្រួលនេះ»។

លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ ប្រព័ន្ធឃោសនាថៃ បានចុះផ្សាយអំពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃថា ការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន សំដៅឈានទៅរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះនៃការវាយប្រយុទ្ធគ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរ គឺខាងភាគីថៃថាគេទទួលយក និងបានចោទមកលើកម្ពុជា គ្មានឆន្ទៈទើបគ្មានសម្រេចលទ្ធផលអ្វីទាំងអស់»។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោក ជុំ សុន្ទរី បានលើកឡើងថា៖ «ជាការពិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅនាយកដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនបច្ចុប្បន្នរបស់អាស៊ាន ដើម្បីទាមទាឱ្យជួយដោះស្រាយបញ្ចប់អំពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានទំនាក់ជាមួយសម្តេចធិបតី និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅយប់ថ្ងៃទី២៤ ខែកក្កដា បានលេចចេញដើម្បីសម្របសម្រួលឱ្យប្រទេសទាំងពីរបញ្ចប់ការប្រទូសសារាយវាយប្រយុទ្ធគ្នានៅតាមព្រំដែន ប៉ុន្តែគួឱ្យសោកស្តាយប្រហែល១ម៉ោងខាងភាគីថៃបានផ្លាស់ប្តូរជំហរ និងនៅម៉ោង៦ព្រឹកថ្ងៃទី២៥ កក្កដា ថៃបានបាញ់ផ្លោងដាក់ទីតាំងឈរជើងរបស់កម្ពុជា»។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «កិច្ចអន្តរាគមន៍ដោះស្រាយរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ មិនមែនមកពីកម្ពុជាខ្វះឆន្ទៈក្នុងការទទួលយកដូចនាយករដ្ឋមន្ត្រីស្តីទីថៃបានលើកឡើងក្នុងប្រព័ន្ធឃោសនាថៃនោះទេ ការពិតភាគថៃបានផ្លាស់ប្តូជំហរខ្លួនឯង»៕