2025-07-24 16:42
26

ភ្នំពេញ៖     លោក ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា “សម្តេចតេជោ ហ៊ុន សែន ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន”។

បើតាម លោក ជា ធីរិទ្ធិ បានបញ្ជាក់ថា៖ «សម្តេចតេជោ នៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ»។

លោក ជា ធីរិទ្ធ បានទាត់ចោលការផ្សាយគ្មានការពិតរបស់កាសែតថៃ ដែលថា សម្តេចតេជោអត់ស្ថិតនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរចាកចេញទៅកាន់ប្រទេសចិន។
សូមជម្រាបថា បន្ទាប់មានការផ្ទុះអាវុធមុនបង្កឡើងដោយយោធាថៃមកលើកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃព្រហស្សតិ៍នេះ បានសរសេរបញ្ជាក់លើបណ្តាញសង្គមផ្លូវការរបស់សម្តេចថា៖ «ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ»។

ឈ្លាតឱកាសនោះ សម្តេចតេជោបានអំពាវនាវបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ និងសូមឱ្យជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង៕