2025-07-26 14:10
12

ថៃ៖ អគ្គិភ័យដ៏សន្ធោរសន្ធៅ បានឆាបឆេះដេប៉ូប្រេង Sriracha-Chonburi ប្រទេសថៃ បណ្ដាលឲ្យមានផ្សែងខ្មៅអណ្ដែតពាសពេញផ្ទៃមេឃយ៉ាងអួរអាប់។
មហន្តរាយនេះ បានកើតឡើងនៅថ្ងៃទី ២៦ ខែកក្កដា នេះ នាវេលាម៉ោង ១២៖០០ នាទីថ្ងៃត្រង់។ យោងតាម ទំព័រ Fire & Rescue Thailand បានរាយការណ៍ថា នៅវេលាម៉ោង ១២៖០០ ថ្ងៃត្រង់ ក៏មានសេចក្តីរាយការណ៍មួយបន្ទាន់ ពាក់ព័ន្ធនឹងអគ្គិភ័យដែលបានឆាបឆេះដេប៉ូប្រេង និងហ្គាស Bangchak ស្ថិតនៅ Ban Laem ឃុំ Tung Sukhla ស្រុក Sriracha ខេត្ត Chonburi ប្រទេសថៃ។
ប្រភពពីសារព័ត៌មានក្នុងស្រុកថៃ Khaosod បានឲ្យដឹងថា ខណៈនេះ ក្រុមមន្ត្រីថៃបានបិទតំបន់ជុំវិញដេប៉ូប្រេងដែលកំពុងកើតហេតុខាងលើ និងសម្របសម្រួលជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីជួយដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ៕