2025-07-26 15:29
12

ភ្នំពេញ៖     ក្នុងស្មារតីខ្មែរតែ១ ខ្មែរជួយខ្មែរ ខ្មែររួបរួមគ្នាការពារបូរណភាពទឹកដីពីសត្រូវរំលោភឈ្លានពានទឹកដីពីក្រុមចោរសៀម  នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ  អ្នកឧកញ៉ា សំ អាង  អ្នកឧកញ៉ា ឈុន លាង ជាសហស្ថាបនិករបស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី  បាន ឧបត្ថម្ភថវិកា ១,០០០,០០០ ដុល្លារ (១លានដុល្លារ) ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងតែឈរជើងយ៉ាងក្លាហានការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីក្រុមចោរឈ្លានពានសៀម  ។ 

សកម្មភាពមនុស្សធម៌របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាការជួយដល់ជាតិ ការពារទឹកដី ដើម្បីជួយដល់វីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានជួបទុក្ខលំបាក។ នេះជាពេលវេលាដែលយើងរួមសាមគ្គីគ្នា ជឿជាក់ បន្តគាំទ្រផ្តល់កម្លាំងចិត្តដល់វីរភាពដ៏អង់អាចរបស់កងទ័ពយើង  ខណៈប្រទេសជាតិ កំពុងតែរងការឈ្លានពាន់ ដោយថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ដោយប្រើប្រាស់នៅអាវុធធន់ធ្ងន់ ប្រភេទគ្រាប់បែកចង្កោម និងប្រើយន្តហោះទំលាក់គ្រាប់ F-16 មកលើដែនអធិបតិភាពរបស់កម្ពុជាយ៉ាងកំរោល បានបើកការបាញ់ប្រហារមកលើទីតាំងរបស់កងទ័ពកម្ពុជា និងផ្ទះរបស់ជនស៊ីវិល បណ្ដាលឲ្យស្លាប់កងទ័ពកម្ពុជា០៥នាក់បានស្លាប់  ២១នាក់រងរបួស  ដោយឡែកប្រជាពលរដ្ឋ ស្លាប់ចំនួន ០៨ នាក់ រងរបួស៥០នាក់ និងពលរដ្ឋស្លូតត្រង់រស់នៅតាមខេត្តជាប់ព្រំដែនជាង ៣ម៉ឺន ៥ពាន់នាក់ ត្រូវបានជម្លៀសចេញពីភូមិឋាន» នេះតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា ។  

នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតី “ខ្មែរតែ១” របស់វឌ្ឍនៈ ប៊្រូវើរី ក៏ដូច ក្នុងនាមជា ក្រុមហ៊ុនក្នុងស្រុកផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជា, ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តចូលរួមលើកស្ទួយជួយជាតិយ៉ាងសកម្ម តាមរយៈការឧបត្ថម្ភគាំទ្រសកម្មភាពជាច្រើនទាំងថ្នាក់មូលដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងលើកស្ទួយលើគ្រប់វិស័យកីឡាទាំងក្នុង និងក្រៅប្រទេសផងដែរ  ។
ជាមួយគ្នានេះអ្នកឧកញ៉ា សម្តែងការគោរពកោតសរសើរ ដល់វីរៈភាពខ្លាហានអង់អាច  ស្មារតីស្នេហាជាតិ របស់កងកម្លាំងប្រដាប់អាវុធដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ និងការលះបង់របស់គ្រប់កងទ័ពដែលកំពុងឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចខ្ជាប់ខ្ជួន ដោយស្មារតីអង់អាចក្លាហាន មានឈាមជ័រជាខ្មែរឈរលើព្រំដែនខ្មែរ ការពារទឹកដីដែលដូនតាបានបន្សល់ទុក ពេញដោយមោទនភាពជាតិ។