2025-07-18 14:22
7

ហាណូយ៖ រដ្ឋាភិបាលបានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរីករាលដាលនៅក្នុងប្រទេសវៀតណាម ដោយបានគំរាមកំហែងនិងរំខានដល់ការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រ រដ្ឋាភិបាលវៀតណាមបាននិយាយថា ប្រទេសវៀតណាមក្នុងឆ្នាំនេះ បានរកឃើញការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ២៨ ទូទាំងប្រទេស ក្នុងនោះ ជ្រូកដែលមានមេរោគនេះជាង ៣០០០០ ក្បាល ត្រូវបានអាជ្ញាធរសម្លាប់ផងដែរ។

រដ្ឋាភិបាលវៀតណាមបាននិយាយថា "ហានិភ័យនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ គឺស្ថិតនៅលើនិន្នាការកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចឹមជ្រូក ការផ្គត់ផ្គង់អាហារ និងបរិស្ថាន។"

គួរឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ធ្លាប់បានរំខានទៅដល់ទីផ្សារសាច់ជ្រូកពិភពលោកអស់ជាច្រើនឆ្នាំមកហើយ។ តួយ៉ាង ក្នុងអំឡុងឆ្នាំ ២០១៨-២០១៩ ជ្រូកក្នុងស្រុកប្រហែលពាក់កណ្តាលបានស្លាប់នៅក្នុងប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដែលជាហេតុបណ្តាលឱ្យប្រទេសចិនមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារ។

ក្រឡេកមកមើលខាងវៀតណាមឯណេះវិញ បន្ទាប់ពីមានការរាតត្បាតថ្មីៗនេះ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានជំរុញឱ្យនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើការណែនាំជាបន្ទាន់មួយទៅកាន់ខេត្ត និងទីភ្នាក់ងាររដ្ឋាភិបាលក្នុងសប្តាហ៍នេះ ដើម្បីដាក់ពង្រាយវិធានការដើម្បីទប់ស្កាត់ជំងឺនេះ។ 

យ៉ាងណាវិញ ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមធ្លាប់បានអនុម័តលើការប្រើប្រាស់ពាណិជ្ជកម្មក្នុងស្រុក នៃវ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្រ្វិកដំបូងគេបង្អស់របស់ខ្លួន ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងជ្រូកនេះនៅមានកម្រិតទាបនៅឡើយ៕