
ថៃ៖ លោក Thaksin Shinawatra កំពុងបន្តការពិភាក្សាចរចាពាណិជ្ជកម្មជាមួយអាមេរិក អំពីគម្រោងអនុញ្ញាតឱ្យប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ នៅក្នុងប្រទេសថៃ ។ លោក ថាក់ស៊ីន បានបង្ហាញពីបញ្ហាប្រឈមនៅក្នុងកំណើនសេដ្ឋកិច្ច និងបំណុលគ្រួសាររបស់ប្រទេសថៃផងដែរ ។
អតីតនាយករដ្ឋមន្ត្រី លោកThaksin Shinawatra កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានថ្លែង យ៉ាងដូច្នោះក្នុងព្រឹត្តិការណ៍ “Unlocking Thailand’s Future” ដែលធ្វើឡើងដោយ MCOT ផ្តោតលើការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងវិបត្តិសកល។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation ។
លោក Thaksin បានលើកឡើងថាការសហការជាមួយធនាគារថៃ (BOT) ថៃគ្រោង នឹងដាក់ចេញប្រអប់ខ្សាច់គ្រីបតូជាតិក្នុងរយៈពេលបីខែ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសផ្លាស់ប្តូរទ្រព្យឌីជីថលទៅជាលុយបាតសម្រាប់ការចំណាយ។
គំនិតរបស់លោក ថាកស៊ីន ដែលផ្តួចផ្តើមគម្រោងនេះ និងចាប់ផ្តើមសាកល្បងជាដំបូង នៅភូកេត នឹងត្រូវពង្រីកទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ ។ គោលបំណងគឺដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានប្រាក់ចំណូលខ្ពស់ និងបង្កើតលំហូរមូលធនថ្មីចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ លោកThaksin បានពន្យល់ថា រូបិយប័ណ្ណគ្រីបតូ ដូចជា Bitcoin និង Ethereum នឹងត្រូវបានទទួលយកនៅក្នុងប្រតិបត្តិការលក់រាយ និងសេវាកម្មនៅទូទាំងប្រទេសថៃ។
អ្នកទេសចរណ៍ នឹងមានភាពងាយស្រួលក្នុងការប្តូរលុយបាតបែបឌីជីថល បានយ៉ាងងាយស្រួលសម្រាប់ការចំណាយនៅតាមកន្លែងផ្សេងៗរួមទាំងហាងទំនិញ និងក្រុមហ៊ុនអាកាសចរណ៍ដោយគ្មានការព្រួយបារម្ភអំពីភាពប្រែប្រួលនៃទីផ្សារ។