
ភ្នំពេញ៖ បន្ទាប់ពីមានករណីផ្ទុះមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ (មុំបី) ដែលបណ្តាលឱ្យទាហានថៃ ចំនួន ០៣នាក់ រងរបួសមានការលើកឡើងផ្សេងៗគ្នាពីភាគីថៃ, មេភូមិភាគី២ថៃ អះអាងថា ជាគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម រីឯអង្គភាពកម្ចាត់មីនរបស់ថៃ ថាជាគ្រាប់មីនទើបដាក់បង្កប់ថ្មី ព្រោះតំបន់ដែលទាហានខ្លួនមីននោះបានបោសសម្អាតរួចរាល់ហើយ។
ភាគីថៃ ថាគ្រាប់មីនដែលទាហានខ្លួនជាន់ដាច់ជើង និងរបួស គឺជាប្រភេទ PMN-2 ដែលផលិតដោយអតីតសហភាព និងពិបាករាវរកឃើញណាស់។ អង្គភាពកម្ចាត់មីននៃប្រទសថៃ បានអះអាងថា ទីតាំងដែលទាហានខ្លួនជាន់មីនដាច់ជើង គឺជាតំបន់ដែលបោសសម្អាតមីនរួច ហើយពួកគេបានចោទប្រកាន់ថា វាជាមីនទើបនឹងដាក់ថ្មី។ ចំណែក មេភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ទោ Boonsin Phadklang បាននិយាយផ្ទុយពីរបាយការណ៍នេះ ដោយអះអាងថា គ្រាប់មីនដែលទាហានខ្លួនជាន់នៅព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មុំ៣ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម។
ពាក់ព័ន្ធករណីនេះ លោក ហេង រតនា អគ្គនាយក «CMAC» បានលើកឡើងថា៖ «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ភាគីសៀមខ្លះបានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម និងមានក្រុមខ្លះថាជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហើយ។ ក្នុងករណីនេះ ក៏មានអ្នកសារព័ត៌មានខ្លះបានសួរទៅលោកឱ្យធ្វើការបកស្រាយផងដែរ តែលោកគ្រាន់តែសួរត្រឡប់ទៅវិញថា “ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ ឬថ្មី? មានតែខាងសៀមខ្លួនឯងទេទើបដឹងច្បាស់”។
សូមជម្រាបថា PMN-2 ជាប្រភេទមីនប្រឆាំងមនុស្ស មានទម្ងន់ជិតកន្លះគីឡូក្រាម កម្លាំងផ្ទុះដោយសម្ពាធ ផលិតឡើងដោយអតីតសហភាពសូវៀត ចន្លោះឆ្នាំ១៩៧០ វាមានរាងមូលតូច សំបកធ្វើអំពីផ្លាស្ទិក ទើបធ្វើឱ្យឧបករណ៍រាវមីនល្មមៗពិបាកនឹងចាប់សញ្ញាណាស់ ជាធម្មតាមីនប្រភេទនេះ មានពីរពណ៌ គឺបៃតងខ្ចី និងពណ៌ត្នោត៕


