2025-07-18 10:18
11

កូរ៉េខាងត្បូងបានចាប់ខ្លួនគ្រូបង្រៀនវិទ្យាល័យម្នាក់ និងម្តាយរបស់សិស្សម្នាក់ដែលបានលួចចូលសាលាពេលយប់ជ្រៅ ដើម្បីលួចឯកសារប្រឡង។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៖២០ យប់ (ម៉ោងក្នុងស្រុក) នៅសាលារៀនមួយក្នុងទីក្រុង Andong ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ប៉ុន្តែត្រូវបានបរាជ័យនៅពេលដែលសំឡេងរោទិ៍សុវត្ថិភាពរបស់សាលាបានរោទិ៍ឡើង។ នេះបើយោងតាមការចេញផ្សាយពី BBC ។

ក្នុងករណីនេះ គ្រូបង្រៀនដែលបានប្រព្រឹត្តបទល្មើសខាងលើ ប្រឈមមុខនឹងការចោទប្រកាន់ពីបទទទួលសំណូក និងរំលោភបំពាន ខណៈម្តាយរបស់សិស្សត្រូវបានចោទប្រកាន់ពីបទរំលោភបំពានដូចគ្នា។ 

ក្នុងនោះសូម្បីតែអ្នកគ្រប់គ្រងផ្នែកបរិក្ខារនៅសាលា ដែលកើតហេតុនេះ ក៏ត្រូវបានចោទប្រកាន់ថា បានសមគំនិតជាមួយជនជាប់ចោទទាំងពីរនាក់ខាងលើដូចគ្នា និងត្រូវបានចាប់ខ្លួនផងដែរ ពីបទអនុញ្ញាតឱ្យមានចោរកម្មនិងការចូលទៅក្នុងសាលាដោយខុសច្បាប់។

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ការពិតជនសង្ស័យជាគ្រូខាងលើ គ្រាន់តែជាគ្រូបង្រៀនឯកជន ដែលត្រូវបានម្តាយរបស់សិស្សជួលឲ្យមកបង្រៀនកូនរបស់ខ្លួននៅផ្ទះប៉ុណ្ណោះ។ ហើយបើយោងតាម KBS រាយការណ៍ថា ប៉ូលីសបានសង្ស័យថា ម្ដាយរបស់សិស្សបានស៊ីសំណូកដោយឲ្យលុយទៅគ្រូបង្រៀន ដែលនេះមិនមែនជាការប៉ុនប៉ងដើម្បីលួចឯកសារប្រឡងក្នុងសាលាលើកដំបូងរបស់ពួកគេនោះទេ។ 

លើសពីនេះ KBS បានដាក់ការសង្ស័យបន្ថែមទៀតថា ពួកគេមិនច្បាស់ទេថា តើកំណត់ត្រាសិក្សារបស់សិស្សទាំងនោះ មានជាប់ទាក់ទងនឹងករណី ក្នុងការលួចក្រដាសប្រឡងដែរឬទេ ខណៈដែលសិស្សានុសិស្សនៅតែរក្សាបានពិន្ទុខ្ពស់ជាប់លាប់របស់ពួកគេដូចដើមនោះ។

គួរបញ្ជាក់ឲ្យដឹងថា ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ គឺជារឿងអាស្រូវចុងក្រោយបង្អស់ដែលទាក់ទងនឹងការប្រឡងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលប្រទេសនេះមានភាពល្បីល្បាញដោយសារប្រព័ន្ធអប់រំមានការប្រកួតប្រជែងខ្ពស់។
 
ផ្ទុយនឹងភាពល្បីល្បាញដោយសារប្រព័ន្ធអប់រំ កូរ៉េខាងត្បូង ក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសឧស្សាហកម្មផ្សេងទៀត ដែលមានកម្រិតស្ត្រេសខ្ពស់បំផុតសម្រាប់យុវជនដែលមានអាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ ផងដែរ៕