2025-07-16 18:49
17

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាចាប់រូបភាពពីផ្កាយរណប (Satellite Image) និងឧបករណ៍ទំនើប (Drone) ដើម្បីអនុវត្ដការងារល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមការបញ្ជាក់ របស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បានចុះពិនិត្យទីតាំងជាក់ស្ដែងបាន ចំនួន ៧៧ ចំណុច រួមមាន៖ តាំងរងការកាប់ទន្ទ្រាន មានចំនួន ៣២ ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៥៩,៦៤ ហិកតា ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន ២៨ ចំណុច ស្មើនឹងទំហំផ្ទៃដី ៣៣១,៦៥ ហិកតា និងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន១៧ ចំណុច។ 

ជាក់ស្តែង នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក មន្រ្ដីឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងខេត្តសៀមរាប និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង ៦៧ ចំណុច រួមមាន ទីតាំងរងការកាប់ទន្រ្ទាន មានចំនួន ៤០ ចំណុច ស្មើនឹងទំហំផ្ទៃដី ៤២៨,១៩ ហិកតា ទីតាំងដី មានការដាំដំណាំផ្សេងៗ មានចំនួន ២៥ ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ ហិកតា និងទីតាំងដីពុំមានបទល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន ០២ចំណុច។ 

ពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានរំលោភយកដីក្នុងតំបន់ការពារ មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿងនៃបទល្មើសធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចំនួន ១៥ ករណី ក្នុងនោះ ករណីបទល្មើស ជាក់ស្ដែង ចំនួន ០២ ករណី (បញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ចំនួន ០៦នាក់) និងករណីបទល្មើសមិនជាក់ស្ដែង ចំនួន ១៣ ករណី (បញ្ជូនឈ្មោះជនសង្ស័យ ទៅតុលាការ ចំនួន ០៧នាក់)។ លោក ខ្វៃ អាទិត្យា 

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តសៀមរាប គ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន ០៨ កន្លែង មានទំហំផ្ទៃដី សរុបជា ២៨៣.៩៩៩,២៧ ហិកតា។ ការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រ និងសហការជាមួយកងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិផងដែរ។ 

យោងតាមយុទ្ធសាស្រ្ដស្នូល មុំទី២ អាទិភាពទី១ «ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបំពាក់មធ្យោបាយឧបករ៍ និងសម្ភារទំនើបសម្រាប់ការងាររដ្ឋបាល»  បានចែងក្នុងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របនឹងគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ កិច្ចខិតខំប្រែងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដ៏មោះមុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំយកសន្តិភាព ការបង្រួមបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ហើយបានផ្តល់កាលានុវត្តភាព ពេញលេញក្នុងការចាត់ចែង ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់កូនចៅតជំនាន់។ 

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបន្តវេន្ត នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាប្រសាសន៍ដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផែនការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន បានចាត់បញ្ជូលជាអាទិភាព ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។ ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានផែនការសកម្មភាព ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគព័ត៌មាន តាមរយៈទិន្នន័យដែល ទទួលបានពីផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ដូចជាបានបំពាក់ឧបករណ៍ សម្ភារៈទំនើបដូចជាដ្រូន ដើម្បីល្បាត និងផ្ទៀងផ្ទាត់ព័ត៌មាន ក៏ជាផ្នែកមួយជួយពន្លឿន ដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញរបស់ក្រសួង និងដៃសហការ រួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឲ្យបាននូវផលប្រយោជន៍ជូន ប្រជាជននិងប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 

ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូន ចំនួន ៤៧ គ្រឿង ដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់ និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត៕