
ព្រះសីហនុ៖ ទីតាំងលួចបង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា «ONLINE SCAMS» ចំនួន ០២កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្មក់ចូលបង្ក្រាប និងបានឃាត់ខ្លួនជនបរទេស បានចំនួន ៤៣នាក់ (ស្រី១៤នាក់) មានសញ្ជាតិវៀតណាមលួចចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់នៅកម្ពុជា។
តាមប្រភពបានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួល ចំនួន ០២ កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញជនបរទេស សរុបចំនួន ៤៣ នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម។
តាមប្រភពបានឱ្យដឹងទៀតថា ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net ជាដើម។ ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន រួមមាន៖ លិខិតឆ្លងដែន ១៣ ក្បាល, កុំព្យូទ័រ ១៦ គ្រឿង, ទូរសព្ទដៃ ០១៦ គ្រឿង និងម៉ូតូ ០២ គ្រឿង។