
កណ្តាល៖ នារីបុគ្គលិករោងចក្រកាត់ដេ និងសង្សារ បានជិះម៉ូតូ ០១ គ្រឿង ចូលទៅដីឡូត៍ស្ងាត់មួយកន្លែង ហើយនាំគ្នាកំពុងអង្គុយហូបចំណីចំណុកផ្តោះផ្តងសាសងពាក្យសម្តីគ្នាយ៉ាងល្អូកល្អឺ ស្រាប់មានជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោមកភ្ជង់គំរាមប្លន់យកទូរសព្ទ ការបូបលុយ និងម៉ូតូ ហើយកើតមានការប្រតាយប្រតប់គ្នាជនសង្ស័យបានកាប់លើបុរសជាសង្សារនារីរងគ្រោះ ចំនួន ០២ កាំបិទ បណ្តាលឱ្យរងរបួស និងបានឆក់យកកាបូបរត់គេចខ្លួនន ប៉ុន្តែត្រូវជនរងគ្រោះ និងអ្នកដំណើរដេញចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចស្រុកអង្គស្នួល។
អំពើកាប់ប្លន់សង្សារ១០គូរខាងលើ បានកើតមានឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង៣០នាទី ស្ថិតនៅដីវាលមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
តាមរបាយការណ៍របស់នគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឿន ស្រីតូច ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងសង្សាររងរបួសស្រាលដោយសារជនសង្ស័យកាប់២កាំបិទប៉័ងតោត្រូវចំស្មា។
ប្រភពបានឱ្យដឹងថា មុខសញ្ញាជនសង្ស័យ មានឈ្មោះ គាំ សុរដ្ឋ ភេទប្រុស អាយុ ២៩ឆ្នំា ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម(+) ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុករយៈពេលជាង១ឆ្នាំ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រងរបួសក្បាលដេរ ចំនួន ១០ថ្នេរ ដោយរត់តោងរថយន្តធ្លាក់ និងប្រជាពលរដ្ឋវាយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុនាពេលប្រលប់ៗនារីម្ចាស់ម៉ូតូ និងសង្សារបាននាំគ្នាចូលទៅអង្គុយលេងហូបអីនៅដីវាលស្ងាត់ៗតែពីរនាក់ ដើម្បីសាកសងស្នេហាគ្នា ស្រាប់តែជនសង្ស័យកាន់កូនកាំបិតប៉័ងតោដើរមកដល់ធ្វើសកម្មភាពភ្ជង់លើជនរងគ្រោះគំរាមយកទូរសព្ទ កាបូបលុយ និងម៉ូតូ រួចក៏បានទាញយកសោម៉ូតូពីជនរងគ្រោះ ប៉ុន្ដែជនរងគ្រោះទាញកញ្ឆក់យកកូនសោម៉ូតូមកវិញ។ ពេលនោះជនសង្ស័យក៏បានកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតចំស្មាខាងស្តាំ រួចទាញឆក់យកកាបូបស្ពាយពីជនរងគ្រោះ ហើយក៏ផ្លោះរបងរត់តោងឡើងលើរថយន្តដឹកទំនិញ ០១ គ្រឿង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ប៉ុន្តែត្រូវព្រូឡានទាញប្រឡេះដៃជនសង្ស័យបណ្តាលឲ្យធ្លាក់ពីរថយន្តរងរបួសក្បាល បន្ទាប់មកជនសង្ស័យបានបន្តរត់គេចខ្លួន តែត្រូវបានសង្សារជនរងគ្រោះ និងអ្នកធ្វើដំណើរក្បែរនោះតាមជួយឃាត់ជនសង្ស័យបាន និងយកកាបូបបានមកវិញ (មិនប្រគល់ឱ្យសមត្ថកិច្ច) រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១លើក មានរយៈពេល ០១ឆ្នាំ ០៦ខែ ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ បន្ទាប់ពីចេញពន្ធនាគារមិនបានកែខ្លួនឡើយ គឺបន្តដើរតាមផ្លូវចាស់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន រហូតហ៊ានចេញប្លន់បែបនេះ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះដល់កន្លែងកើតហេតុធ្វើការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនិតិវិធី និងកសាងសំណុំរឿងទៅកាន់តុលាការរួចរាល់ហើយ៕