2025-07-14 10:37
12

ភ្នំពេញ៖ ការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ ការធ្លាក់ចុះគុណភាពទឹក ការប៉ះពាល់ដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បង្កើតណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ ប្រធានគណៈកម្មការចំពោះកិច្ចនេះ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលគណៈកម្មការចំពោះកិច្ចមានភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

គណៈកម្មការនេះ ត្រូវរៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក និងការធ្វើបែចិញ្ចឹមត្រី។ ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក។ ត្រូវសិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹងទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំងទីលំនៅលើទឹក។

គណៈកម្មការចំពោះកិច្ចខាងលើ ត្រូវរៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥។ រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅលើដីគោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច។ រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើតការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី។

តាមសេចក្តីសម្រេចបានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចដែលត្រូវបង្កើតឡើងនេះ ត្រូវចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមាន ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ បណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មី បន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក ព្រមទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង។

គណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ត្រូវគាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើកសាលារៀនខុសច្បាប់ និងត្រូវធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពលទ្ធផលការងារជូននាយករដ្ឋមន្ត្រីជាប្រចាំ៕