2025-07-14 13:15
7

កំពង់ឆ្នាំង៖ ជុំវិញភាពតានតឹងនៃការបិទច្រកទ្វាព្រំដែនកម្ពុជា-ថៃ ជាឯកតោភាគីពីសំណាក់យោធាថៃ បានធ្វើឱ្យកើតកំដៅ រវាងកងទ័ពនៃប្រទេសទាំងពីរប្រឈមមុខដាក់គ្នា ស្ទើតែផ្ទុះអាវុធនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយមាស៤ បានបញ្ជាក់ប្រាប់ភាគីថៃថា៖ «វាគ្មានអ្វីពិបាកដោះស្រាយនោះទេ កូនសោរក្នុងដៃភាគីថៃស្រាប់ ដើម្បីឈានទៅបើកច្រកព្រំដែននោះ គឺ ទី១៖ ភាគីថៃត្រូវបើកច្រកព្រំដែនមុនជាឯកតោភាគី ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ គ្រប់ច្រកទាំងអស់យ៉ាងយូរយៈពេលត្រឹម៥ម៉ោងកម្ពុជាបើកតាមក្រោយ និង ទី២៖ ថៃត្រូវកែសម្រួលកងទ័ពដកកម្លាំងដែលគ្មានភារកិច្ច ឬ ឈរជើងនៅតំបន់ព្រំដែនចេញឱ្យអស់ រួមទាំងអាវុធក៏ដូចគ្នាដែរ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានមានប្រសាសន៍ថា៖ «សម្តេចបានឃើញភាគីថៃ ប្រកាសចង់ឱ្យមានការបើកច្រកព្រំដែនឡើងវិញ ប៉ុន្តែភាគីថៃហាក់ចង់ទម្លាក់កំហុសមកឱ្យកម្ពុជាជាអ្នកខុសទៅវិញ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ទៅភាគីថៃថា៖ «សម្រាប់កម្ពុជា គឺងាយស្រួលបំផុត ចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដង គឺចប់សព្វគ្រប់ មិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ»។

ពាក់ព័ន្ធការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយមាស៤ បានបញ្ជាក់ថា៖ «ងាយស្រួលបំផុត ព្រោះកូនសោរស្ថិតក្នុងដៃរបស់ភាគីថៃស្រាប់ សម្រាប់កម្ពុជាមានបីលក្ខខណ្ឌ គឺ ទី១៖ ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី ហើយមិនត្រូវប្រកាសបិទជាឯកតោភាគីទេ គឺត្រូវបើកព្រំដែនឱ្យដូចមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥, ទី២៖ ភាគីថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់មិនបើកច្រកនេះ ទុកច្រកនោះ ដើម្បីចរចាទេ និង ទី៣៖ បើកឱ្យប្រក្រតីទាំងការដឹកជញ្ជូនទំនិញ និងការចេញ-ចូលលំហូរប្រជាពលរដ្ឋឱ្យដូចដើមវិញ ដោយគ្មានការហាមឃាត់។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម»៕