2025-07-14 18:07
17

បន្ទាយមានជ័យ៖ រថយន្ដកាមរីឆ្លាម ០១ គ្រឿង លួចដឹកទឹកដោះគោស្រស់ យីហោ «Meiji» ចំនួន ២៧ កេស ដឹកចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បង្ក្រាប នៅវេលាម៉ោង៧ព្រឹក ថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ រួចប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមផ្លូវច្បាប់។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា ការចុះបង្ក្រាបរថយន្ដ កាមរីឆ្លាម ០១ គ្រឿងលួចដឹកទឹកដោះគោស្រស់នាំចូលពីប្រទេសថៃខាងលើ គឺអនុវត្តតាមបទបញ្ជា របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឲ្យមានការយកទំនិញពីថៃចូលកម្ពុជាឡើយ។

លោកវរសេនីយ៍ត្រី តាំង សុខហេង រថយន្ដ ០១ គ្រឿង ម៉ាកតូយ៉ូតាកាមរី (ឆ្លាម) ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-7437 លួចដឹកទឹកដោះគោស្រស់ យីហោ «Meiji» ចំនួន ២៧ កេស ស្មើរនឹង ៤៩៦ ដប ចូលតាមច្រករបៀងភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ ៤៣ឆ្នាំ និង ឈ្មោះ នាង សុខណា ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

ក្រោយការសាកសួរជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់ យីហោ «Meiji» ពីដេប៉ូនៃប្រទេសថៃ ហើយដឹកជញ្ជូនចូលមកទឹកខ្មែរពិតប្រកដមែន។ បន្ទាប់ការសាកសួងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថាដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕