
សៀមរាប៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សៀង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។
ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ សៀង សុគុន្ធា បានឆ្លើយសារភាពឲ្យដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុកឈ្មោះ លេងយ៉ាន់ឡាន Rim CaR Shop ដើម្បីលក់សម្ភារ:តាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអ្នកបញ្ជាទិញនោះទេ រហូតដល់ឆ្នាំ ២០២៥នេះ សរុបមានអ្នកបញ្ជាទិញរាប់សិបលើកពីគណនីហ្វេសប៊ុក ដោយមិនចាំឈ្មោះ ដោយពួកគាត់បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្តតាមផេករបស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឲ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ដុល្លារអាមេរិក ដល់ ២៤០ដុល្លារអាមេរិក ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច រូបខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីងមួយកន្លែងនៅទីតាំងខាងលើ ក៏ត្រូវបាន កងរាជអាវុធហត្ថខេត្តសៀមរាប ចុះឃាត់រូបខ្លួនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕