2025-07-10 10:41
16

បរទេស៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្លាក់លើរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីយន្តហោះគ្មានមនុស្សបើក ជាច្រើនរបស់រុស្ស៊ីបានវាយប្រហារប្រទេសនេះ។ 

ក្រុមមន្ត្រីបានរាយការណ៍ថា ក្នុងហេតុការណ៍នេះបានបង្កឲ្យមានអគ្គិភ័យឆេះផ្ទះល្វែង និងអគារមួយចំនួន ដែលបណ្ដាលឲ្យមនុស្សបីនាក់បានរងរបួសដោយគ្រាប់កាំជ្រួច។

សូមបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ទី៨ ខែកក្កដា កន្លងទៅ កងកម្លាំងរុស្ស៊ីបានបញ្ចេញការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ពួកគេទៅលើអ៊ុយក្រែន ដោយចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដែលមានរយៈពេល ៤០ ខែមកនេះ យន្តហោះគ្មានមនុស្សបើកចំនួន ៧២៨ គ្រឿង បានតម្រង់ទៅកាន់ ភាគខាងលិចអ៊ុយក្រែន។

ជុំវិញនៃការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី លោក Trump បានសន្យាថានឹងបញ្ជូនអាវុធការពារបន្ថែមទៀតទៅកាន់ទីក្រុង Kyiv រួមទាំងបានរិះគន់យ៉ាងខ្លាំងទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថែមទៀតផង ក្នុងការវាយប្រហារមកលើអ៊ុយក្រែន៕