2025-07-06 14:31
7

ថៃ៖ យោងតាមការចេញផ្សាយដោយ Khaosod English នៅថ្ងៃទី៦ ខែកក្កដា នេះ បានឲ្យដឹងថា សភាពាណិជ្ជកម្មថៃកំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនចរចាជាមួយកម្ពុជាដើម្បីបើកច្រកព្រំដែនឡើងវិញដោយបានលើកឡើងថា ការបិទព្រំដែនជាមួយកម្ពុជាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនទាំងសងខាងព្រំដែននៃប្រទេសទាំងពីរ។

ប្រភពខាងលើបានបន្ថែមថា ការបិទព្រំដែនជាមួយកម្ពុជា កំពុងបង្កបញ្ហាយ៉ាងសំខាន់សម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិក្នុងប្រទេសថៃ។ 

ដោយដំណើរការផលិតរបស់ពួកគេត្រូវអាក់ខាន ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមពីកម្ពុជា ដែលបញ្ជូនគ្រឿងបន្លាស់មកដំឡើងវិញត្រូវបានខូច។ 

លើសពីនេះ «ទំនិញឆ្លងកាត់» ពីប្រទេសផ្សេងៗកំពុងហូរហៀរពេញឃ្លាំងនៅកំពង់ផែ Laem Chabang ដែលនាំឲ្យមានការកើនឡើងនៃការចំណាយប្រតិបត្តិការប្រចាំថ្ងៃ។

លោក Jirapan Asvatanakul អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែននៃសភាពាណិជ្ជកម្មថៃ បាននិយាយថា គណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបានជួបប្រជុំជាមួយសភាពាណិជ្ជកម្មមកពីខេត្តចំនួនប្រាំពីរជាប់ព្រំដែនកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ និងតម្រូវការរបស់សហគ្រិនក្នុងប្រទេសថៃ។ 

ឃើញថាក្នុងនោះ ខេត្តទាំងអស់បានឯកភាពគ្នាលើចំណុចមួយ គឺចង់ជំរុញឱ្យស្ថាប័នរដ្ឋាភិបាលពីភាគីទាំងសងខាងចរចាគ្នា។ 

បន្ថែមពីនោះ អនុប្រធានសភាពាណិជ្ជកម្មថៃ បានបន្តថា ដើម្បីត្រឡប់សកម្មភាពសេដ្ឋកិច្ចឱ្យមានភាពប្រក្រតីឡើងវិញតាមដែលអាចធ្វើទៅបាន ច្រកព្រំដែនគោកគួរមានពេលវេលាបើកនិងបិទស្របគ្នា ដោយផ្លូវសមុទ្រពីកំពង់ផែ Laem Chabang ទៅកាន់កំពង់ផែក្រុងព្រះសីហនុ ក៏គួរតែបើកឡើងវិញដែរ។

ប្រភពពី Khaosod បានឲ្យដឹងទៀតថា កម្ពុជាជាប្រភពវត្ថុធាតុដើមមួយចំនួនសម្រាប់ឧស្សាហកម្មថៃ ជាពិសេសផ្នែករថយន្ត។ 

សហគ្រិនថៃបាននឹងកំពុងបញ្ជូនវត្ថុធាតុដើមមករោងចក្រក្នុងប្រទេសកម្ពុជាសម្រាប់ផលិត ដោយប្រើប្រាស់អត្ថប្រយោជន៍ពន្ធរបស់កម្ពុជា និងតម្លៃពលកម្មទាប។

ដូច្នេះហើយ រោងចក្រនៅក្នុងប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តដែលមានតម្លៃប្រហែល 3-4 ពាន់លានបាត។ 

ហើយប្រសិនបើ ច្រកព្រំដែននៅតែបន្តបិទបែបនេះទៀត វារំខានយ៉ាងខ្លាំងដល់ដំណើរការផលិតរថយន្តរបស់ក្រុមហ៊ុនពហុជាតិ ដែលបានបង្កើតឡើងនៅក្នុងប្រទេសថៃ។ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងមូលបាន៕