2025-07-05 12:07
8

តូក្យូ៖ នាថ្ងៃទី៥ ខែកក្កដា នេះ រដ្ឋាភិបាលជប៉ុន បានព្រមានពីការរញ្ជួយដីខ្លាំងដែលអាចកើតមានបន្ថែមទៀតនៅក្នុងដែនទឹកភាគនិរតីនៃកោះសំខាន់ៗរបស់ខ្លួន។

បន្ថែមពីនោះ កាលពីថ្ងៃទី៤ ខែកក្កដា ម្សិលមិញនេះ អាជ្ញាធរជប៉ុន ក៏បានធ្វើការជម្លៀសអ្នកស្រុកមួយចំនួនពីកោះដាច់ស្រយាលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ ចេញពីចុងកោះដ៏សំខាន់បំផុតភាគខាងត្បូងនៃ Kyushu ។

លើសពីនេះ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ ប្រទេសជប៉ុន បានទទួលរងពីការរញ្ជួយដីជាង ១,០០០ ដង នៅឯកោះនៃខេត្ត Kagoshima ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ដែលកម្លាំងនៃការរញ្ជួយដីនេះខ្លាំងគ្រប់គ្រាន់ក្នុងការធ្វើឱ្យពិបាកទប់លំនឹងខ្លួនសូម្បីតែការឈរ។ 

ហេតុការណ៍ទាំងនេះ បានជំរុញឱ្យមានពាក្យចចាមអារ៉ាមដែលកើតចេញពីសៀវភៅកំប្លែងដែលព្យាករណ៍ថា គ្រោះមហន្តរាយដ៏ធំមួយនឹងកើតឡើងនៅក្នុងប្រទេសជប៉ុនក្នុងខែនេះ។ 

ប៉ុន្តែអាជ្ញាធរជប៉ុនបានច្រានចោលទាំងស្រុងចំពោះការព្យាករណ៍នេះ ដោយបានអំពាវនាវទៅដល់សាធារណជនរបស់ខ្លួន កុំឱ្យជឿការព្យាករណ៍ដែលគ្មានមូលដ្ឋាននៃគ្រោះមហន្តរាយដ៏ធំនេះ។

លោក Ayataka Ebita នាយកផ្នែកតាមដានការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា "ជាមួយនឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្របច្ចុប្បន្នរបស់យើង វាពិបាកក្នុងការទស្សន៍ទាយពេលវេលា ទីកន្លែង ឬទំហំពិតប្រាកដនៃការរញ្ជួយដី" ។

គួរឲ្យដឹងថា ការរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកថាជាតំបន់សកម្មបំផុតមួយរបស់ពិភពលោក៕