
ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាបានចល័តកងទ័ពទៅកាន់ព្រំដែនកម្ពុជា-ថៃ គឺក្រោយមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅតំបន់មុំបី ដែលផ្តើមឡើងដោយកងទ័ពថៃមុន យើងមានសិទ្ធការពារខ្លួន និងវាយបកទៅវិញផងដែរ ប្រសិនបើមានការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។
សម្តេចតេជោ បានថ្លែងទៀតថា៖ «ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែមានសិទ្ធគ្រប់គ្រាន់ ដើម្បីការពារខ្លួន និងវាយបកនេះហើយជាភាសារយោធា។ មិនមែនរងចាំឱ្យគេមកដល់លេណដ្ឋានចាំបាញ់ទេ ហើយកម្ពុជាគ្មានមហិច្ចតាវាយដល់ទីក្រុងបាងកកទេ ទោះបីជាសមត្ថភាពសព្វាវុធរបស់កម្ពុជាមានលទ្ធភាពបាញ់ចូលដល់ទីក្រុងបាងកកក៏ដោយ គឺកម្ពុជាមិនបាញ់ទេ»។
នេះជាការថ្លែងសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
ប្រមុខព្រឹទ្ធសភាបានគូសបញ្ជាក់ប្រាប់ទៅភាគីថៃថា៖ «កម្ពុជាអត់មានសព្វាវុធទំនើបៗ ដើម្បីអួតនោះទេ ប៉ុន្តែកម្ពុជាប្រើប្រាស់តែសព្វាវុធអេតចាយ គឺវាគ្រប់គ្រាន់សម្រាប់ការពារខ្លួន ព្រោះធ្លាប់សាកល្បងគ្នារួចមកហើយនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»។
សម្តេចតេជោសែន បានសង្កត់ធ្ងន់ថា៖ «សម្តេចធ្លាប់យកអាវុធជីវិតទៅដោះដូរជាមួយនឹងការរស់រៀនមានជីវិតរបស់ប្រជាជន នៅឆ្នាំ១៩៧៧ ដែលទើបតែរំលឹកខួបលើកទី៤៨ឆ្នាំថ្មីៗនេះ។ ជាថ្មីទៀត សម្តេចបានយកជីវិតទៅដោះដូរជាមួយសន្តិភាពឆ្នាំ១៩៩៦ សូម្បីមាតាសម្តេច និងម្តាយមីងបានហាមឃាត់ ប៉ុន្តែសម្តេចសុខចិត្តស្លាប់ ដើម្បីការដោះដូរសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះទឹកដីកម្ពុជាបានបែកបាក់សាមគ្គីភាពតាំងពីសម័ត ពញាយ៉ាត [….] ជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានការឯកភាពគ្នា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ»។
សម្តេចតេជោបានរំលឹកថា កាលនោះប្រសិនមានអ្វីកើតឡើងមែនអ្នកដែលបាត់បង់អាយុជីវិតមុនគេជាមួយសម្តេច គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលនៅជាប់នឹងសម្តេច ប៉ុន្តែបើជោគជ័យ គឺបានប្រទេសទាំងមូលតែម្តង៕


