
ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយជារឿយៗ ហើយសមាជរវាងព្រឹទ្ធសភា-រដ្ឋសភា បានសម្រេចចិត្តយកបញ្ហាចំនួន ៤ចំណុច រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដើម្បីនាំទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលភ័យខ្លាចដំណើរការតាមផ្លូវច្បាប់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការធ្វេភាគីដែលមានស្រាប់ និងតាមយន្តការផ្លូវតុលាការយុត្តិធម៌អន្តរជាតិផង។ តាមយន្តការតុលារ ICJ កម្ពុជាជ្រើសរើសតែ ៤ចំណុច គឺ៖ ទី១) តំបន់មុំបី ក្នុងប្រកបខណ្ឌព្រំដែនកម្ពុជា ឡាវ និងថៃ ព្រោះតំបន់នេះវាងាយនឹងផ្ទុះសង្គ្រាមដាក់គ្នា ទី២) ប្រាសាទតាមាន់ធំ ទី៣) ប្រាសាទតាមាន់តូច និងទី៤) ប្រាសាទតាក្របី»។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា៖ «ការរុញបញ្ហានេះទៅកាន់ផ្លូវតុលាការយុត្តិធម៌អន្តរជាតិ គឺជាការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មិនមែនជាការបង្កសង្គ្រាមដណ្តើមដីនោះទេ។ រីឯផ្នែកដទៃទៀតក្រៅពីតំបន់ទាំង ៤ចំណុចនេះ ដែលសេសសល់យើងបន្តដោះស្រាយតាមយន្តការធ្វេភាគី ព្រោះព្រំដែនរវាងកម្ពុជា និងថៃ មានប្រវែងប្រមាណជាង ៨៥០គីឡូម៉ែត្រឯណោះ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «វាមិនគួរខ្លាចទេ អំពីយន្តដការដោះស្រាយតាមផ្លូវតុលាការនោះ ប្រសិនបើភាគីទាំងសងខាងយល់ឃើញថាមានភាពអយុត្តិធម៌»។ សម្តេចតេជោលើកជាសំណួរផ្ញើរទៅកាន់ក្រុងបាងកកថា ថៃបានចោទមកលើកម្ពុជាបានរំលោភទៅលើអធិបតេយ្យរបស់ថៃ ចុះហេតុអ្វីថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ? ចុះហេតុអ្វីអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា៖ «សូមប្រជាជនកម្ពុជា ប្រជាជនថៃ មិត្តភក្តិបរទេសនៅលើពិភពលោកជួយពិចារណាលើបញ្ហានេះឱ្យបានដិតដល់ហេតុអ្វីចាំបាច់ខ្លាតុលាការ? ប្រសិនបើកម្ពុជារំលោភអធិបតេយ្យខ្លួនមែននោះ។ សម្តេចតេជោប្រាប់ទៅមេដឹកនាំថៃ គួរយោបយលអំពីរឿងដោះស្រាយបញ្ហាព្រំដែនតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ មិនគួរខ្លាចអ្វីជាតាមផ្លូវច្បាប់ទេ។ នៅពេលតុលាការអន្តរជាតិកាត់សេចក្តីរួចរាល់វាងាយស្រួលដល់រដ្ឋាភិបាលទាំងពីរធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន»។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា៖ «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលភ័យខ្លាចដំណើរការតាមផ្លូវច្បាប់»៕



