
ព្រះវិហារ៖ ប្រមុខព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបជាសាធារណៈថា៖ «កាលពីយប់មិញថ្ងៃព្រហស្បតិ៍ ទី២៦ មិថុនា សម្តេចបានទទួលបានរឿងដ៏អស្ចារ្យបំផុត គឺបានបង្កើតផ្លូវច្បាប់ឱ្យកម្ពុជារឹងមាំខ្លាំងណាស់ ដោយបច្ចាមិត្តរបស់យើងបានទទួលស្គាល់កន្លែងហ្នឹងជាទឹកដីរបស់កម្ពុជា តាមរយៈការដាក់លិខិតស្នាមទៅកាន់អន្តរជាតិភ្ជាបទៅនឹងផែនទីរបស់ខ្លួនទៀត»។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទទួលស្គាល់ផែនទីរបស់គេទេ ប៉ុន្តែសូម្បីផែនទីរបស់គេ ក៏ទីតាំងនោះនៅក្នុងដីកម្ពុជា។ យើងប្រើប្រាស់ផែនទីដែលជាផែនទីដើមអមដោយសន្ធិសញ្ញាបារាំងសៀម១៩០៧ ប៉ុន្តែយើងបានចាប់ចំណុចខ្សោយហើយទៅលើឯកសារមួយនេះមិនធម្មតា»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សូម្បីតែផែនទីដែលភាគីថៃគូសដោយខ្លួនឯង ក៏ទីតាំងនោះនៅលើទឹកដីរបស់កម្ពុជា»។
ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហើបអំពីការទទួលបានភស្តុតាងដ៏អស្ចារ្យសម្រាប់កម្ពុជារឿងជម្លោះព្រំដែនកម្ពុជា-ថៃនេះ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា៖ «រឿងទាំងអស់នេះយើងមិនអាចប្រាប់ថាជាកន្លែងណាមួយទេ ព្រោះត្រូវរក្សាការសម្ងាត់ មិនអាចយកលិខិតផ្លូវការរបស់តុលាការយុត្តិធម៌អន្តរជាតិមកបង្ហាញជាសាធារណៈ ដើម្បីតម្រូវចិត្តក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច គឺអត់បានទេ។ រឿងផលប្រយោជន៍ជាតិ ហើយត្រូវតាមនិតិវិធីរបស់តុលាការ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមថា៖ «ប្រសិនបើអ្នកជាជនជាតិខ្មែរពិតប្រាដក ត្រូវយល់អំពីសេចក្តីថ្លៃថ្នូររបស់ខ្មែរ ត្រូវយល់អំពីផលប្រយោជន៍ខ្មែរ ប៉ុន្តែភាគច្រើននៃប្រជាជនកម្ពុជាលើសលប់ដែលទុកចិត្តលើរាជរដ្ឋាភិបាល»។ សម្តេចតេជោក៏ប្រាប់ទៅក្រុមប្រឆាំងទាំងឡាយទៀតថា៖ «បើសិនមិនស្គាល់ផ្លូវច្បាប់សូមរៀនសូត្រអំពីច្បាប់ ខ្ញុំស្តាយស្រណោះអ្នកក៏ជាជនជាតិខ្មែរ ខ្ញុំក៏ជាជនជាតិខ្មែរ សូមកុំចូលដៃជាមួយបរទេសប្រឆាំង ដើម្បីបំផ្លាញខ្មែរខ្លូនឯងឱ្យសោះ»។
សូមជម្រាបថា សមាជរវាងព្រឹទ្ធសភា-រដ្ឋសភា បានសម្រេចចិត្តគាំទ្រដល់រដ្ឋាភិបាលយកបញ្ហា ចំនួន ៤ចំណុច រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដើម្បីនាំទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែភាគីថៃ បានបដិសេធមិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជានោះទេ៕


