
ទីភ្នាក់ងារប៉ូលិសជាតិឥណ្ឌា បានអះអាងថា៖ «បុរសម្នាក់ នៅរស់រានមានជីវិតកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយជនរងគ្រោះរូបនេះ មានឈ្មោះ Vishwash Kumar Ramesh ជាជនជាតិអង់គ្លេស មានដើមកំណើតឥណ្ឌា»។ ប៉ូលិសនិយាយទៀតថា «អ្នកនៅរស់រានមានជីវិតម្នាក់ គឺស្ថិតនៅលើកៅអី លេខ 11A នៅលើជើងហោះហើរ Boeing 787-8 ដែលធ្វើដំណើរពីឥណ្ឌាទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស»។
លោក Ramesh នៅក្នុងមន្ទីរពេទ្យ បានប្រាបថា៖ «វាមានរយៈពេលប្រហែលសាមសិបវិនាទីបន្ទាប់ពីការហោះហើរចេញមានសំលេងផ្ទុះខ្លាំង ហើយបន្ទាប់មកយន្តហោះបានធ្លាក់។ វាមិនគួរកើតឡើងយ៉ាងលឿនដូច្នេះទេ»។
ក្រុមហ៊ុន Air India បានឱ្យដឹងថា ក្នុងចំណោមអ្នកដំណើរទាំង ២៤២នាក់ គឺមានជនជាតិឥណ្ឌា ចំនួន ១៦៩នាក់ ជនជាតិអង់គ្លេស ចំនួន ៥៣ នាក់ ជនជាតិព័រទុយហ្គាល់ ចំនួន ០៧ នាក់ និងជនជាតិកាណាដាម្នាក់។
ចំពោះមូលហេតុនៃការធ្លាក់យន្តហោះត្រកូល Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានគោលដៅទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសខាងលើនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ក្រុមជួយសង្គ្រោះកំពុងប្រមូលសាកសពជនរងគ្រោះដឹកចេញ និងប្រមូលកម្ទេចយន្តចេញពីកន្លែងគ្រោះថ្នាក់ ហើយមន្ត្រីជំនាញកំពុងស៊ើបអង្កេតលើរឿងនេះឱ្យបានច្បាស់លាស់៕